(ភ្នំពេញ)៖ យោងរបាយការណ៍បូកសរុបលទ្ធផល អនុវត្តផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ ដែលជាថ្ងៃទី២ នៃយុទ្ធការនេះ បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចបង្ក្រាប បទល្មើសគ្រឿងញៀនបាន៣៥ករណី ឃាត់ខ្លួនជនសង្ស័យចំនួន១១៧នាក់ ក្នុងនោះមានករណីជួញដូរ១៨ករណី ឃាត់ខ្លួន៥០នាក់ និងករណីប្រើប្រាស់១៧ករណី ឃាត់ខ្លួន៦៧នាក់។

 បើតាមរបាយការណ៍រាជធានី-ខេត្តចំនួន ១៥បានអនុវត្តន៍ការបង្ក្រាបគ្រឿងញៀននៅថ្ងៃទី២ ខែមករានេះ រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ព្រៃវែង ស្វាយរៀង កំពង់ចាម ពោធិ៍សាត់ បាត់ដំបង កំពត កំពង់ឆ្នាំង កំពង់ធំ សៀមរាប កែប ព្រះវិហារ បន្ទាយមានជ័យ និងកោះកុង។

ជាមួយគ្នានេះ អាជ្ញាធរមានសមត្ថកិច្ច បានធ្វើការផ្សព្វផ្សាយ និងអប់រំអំពីខ្លឹមសារប្រយុទ្ធប្រឆាំង និងគ្រឿងញៀនចំនួន៧៤លើក អ្នកចូលរួមសរុប១០៩៧៣នាក់ ស្រី៥៥២៩នាក់តាមរយ៖

* តាមគ្រឹះស្ថានសិក្សាចំនួន ១៩លើក ប្រជាពលរដ្ឋចូលរួម ៧៩០៩នាក់ ស្រី ៤០៧២នាក់។
* តាមសហគ្រាសចំនួន ១លើក ប្រជាពលរដ្ឋចូលរួម ១០នាក់។
* តាមវេទិកាសាធារណៈចំនួន ៥៤លើក ប្រជាពលរដ្ឋចូលរួម ៣០៥៤នាក់ ស្រី១៤៤៨នាក់។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការ ស្តីពីយុទ្ធនាការ ប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់លើកទី១ រយៈពេល៦ខែ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លា និងទទួលបានលទ្ធផលល្អឡើងថែមទៀត។

យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន និងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជាអនុប្រធាន៕