(កោះកុង)៖ នៅក្នុងខេត្តកោះកុង កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៧យប់មិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ ២កន្លែងបានកើតឡើង ក្នុងយប់តែ១ បានបណ្តាលឲ្យ មនុស្ស២នាក់ ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ។

ករណីទី១ បានកើតឡើង នៅវេលាម៉ោង១៩៖៤០នាទីថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ មានគ្រោះថ្នាក់ចរាចរណ៍វាងរថយន្តទូរីសបុក ម៉ូតូបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ស្ថិតនៅភូមិតាំកន់​ ឃុំកណ្តោល​ ស្រុកបុទុមសាគរ ខេត្តកោះកុង។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កឡើងដោយរថយន្តទូរីសពាក់ស្លាកលេខភ្នំពេញ២x-៧៥៨៤។ បើកបរដោយឈ្មោះម៉ាន់ សាន់ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិកំពង់កណ្តាល ឃុំជំកៀល ស្រុកទឹកឈូ ខេត្តកំពត។ រឺឯជនរងគ្រោះដែលស្លាប់ឈ្មោះ ម៉ន វង្ស ភេទប្រុសអាយុ៣០ឆ្នាំ មានទីលំនៅ ភូមិឃុំកើតហេតុខាងលើ។

សមត្ថកិច្ចដដែលបានបន្តថា ករណីខាងលើនេះបង្កដោយរថយន្តទូរីសដឹកឥវ៉ាន់ពីខេត្តកោះកុង ឆ្ពោះទៅខេត្តកំពត ហើយរវាងរថយន្តនិងម៉ូតូ គឺបើកបញ្ច្រាសទិសគ្នា ហើយក្នុងល្បឿនលឿនដូចគ្នា ហើយរថយន្តបានរេចង្កូតទៅបុកម៉ូតូយ៉ាងពេញទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូស្លាប់ភ្លាមនៅកន្លែងកើតហេតុតែម្តង ។

ករណីទី២ បានកើតឡើង នៅវេលាម៉ោង១៨៖០០នាទីថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងគឺបង្ករឡើង ដោយខ្លួនឯង ដោយជិះម៉ូតូដួលស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ គូច គូរ ភេទប្រុសអាយុ៥៧ឆ្នាំ(ស្លាប់) មានទីលំនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបុទុមសាគរខេត្តកោះកុង និងទី២- ឈ្មោះ ស្រី ចន្ធី ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិតានូនឃុំតានូន ស្រុកបុទុមសាគរ ខេត្តកោះកុង ។

សមត្ថកិច្ចដដែលបានបន្តថា ចំពោះជនរងគ្រោះទាំង២នាក់នេះបើកបរក្នុងលក្ខណៈស្រវឹងហើយបើកបរក្នុងល្បឿនលឿន បណ្តាលឲ្យអ្នកបើកដួលស្លាប់ភ្លាមៗ ហើយអ្នកជិះពីក្រោយ រងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅ ព្យាបាលនៅមន្ទីរពេទ្យ ៕