(ភ្នំពេញ)៖ កម្លាំងនគរបាលរាជធានីភ្នំពេញ បានបន្តប្រតិបត្តិការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន កាន់តែខ្លាំងឡើង ដោយសរុបនៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ បានចុះបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២២ករណី ឃាត់ខ្លួនជនសង្ស័យចំនួន៨៧នាក់ (ស្រី១០នាក់) ព្រមទាំងដកហូតថ្នាំញៀនចំនួន៥៤កញ្ចប់។ នេះបើតាមលោកឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ ស្នងការរងនគរបាលរាជធានីភ្នំពេញ និងជាប្រធានការិយាល័យកណ្តាលប្រឆាំងបទល្មើស បានថ្លែងប្រាប់អង្គភាព Fresh News នៅថ្ងៃទី៣ ខែមករានេះ។

លោកឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ បានថ្លែងថា «លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀន នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ មានចំនួន ២២ករណី ឃាត់ខ្លួនជនសង្ស័យសរុប ៨៧នាក់ (ស្រី១០នាក់) ក្នុងនោះករណីជួញដូរគ្រឿងញៀន ៨ករណី ឃាត់ខ្លួន៣៨នាក់, ករណីប្រើប្រាស់គ្រឿងញៀន១២ករណី ឃាត់ខ្លួន៤៥នាក់, ករណីរក្សាទុកគ្រឿងញៀន ១ករណី ឃាត់ខ្លួនម្នាក់, ករណីផ្តល់ទីតាំងឱ្យប្រើប្រាស់ ១ករណី ឃាត់ខ្លួន៣នាក់»

បើតាមលោកស្នងការរង ក្នុងប្រតិបត្តិការបង្ក្រាបដ៏ក្តៅគគុកនេះ កម្លាំងនគរបាលរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ស្នងការ ជួន សុវណ្ណ ក៏បានដកហូតគ្រឿងញៀនប្រភេទក្រាមសថ្លាចំនួន៥៤កញ្ចប់កញ្ចប់ និងឧបករណ៍ជក់មួយចំនួនផងដែរ។

ដោយឡែក នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧នេះ កម្លាំងនគរបាលតាមបណ្តាខណ្ឌ ក៏បានកំពុងចេញប្រតិបត្តិការបង្ក្រាបកាន់តែខ្លាំងផងដែរ។ ជាក់ស្តែងកម្លាំងនគរបាលខណ្ឌដង្កោ ដឹកនាំដោយលោក ជឹម ស៊ីថា អធិការខណ្ឌ បានបង្ក្រាបគ្រឿងញៀនដោយឃាត់ខ្លួនជនសង្ស័យ ចំនួន៥នាក់ និងដកហូតថ្នាំចំនួន៤១កញ្ចប់។

សម្រាប់ខណ្ឌមានជ័យវិញនគរបាលដឹកនាំដោយលោក តេង ស៊ីណូ នៅព្រឹកថ្ងៃនេះ ក៏បានបង្ហាញមុខចោរកាប់ប្លន់ និងទទួលផលចោរកម្ម ចំនួន៨នាក់ ព្រមទាំងម៉ូតូ២គ្រឿង និងរថយន្ត១គ្រឿងផងដែរ។

ជាមួយគ្នានេះ លោកបានបន្តថា កម្លាំងនគរបាលរាជធានីភ្នំពេញ បានចាត់វិធានការចុះអប់រំផ្សព្វផ្សាយ អំពីខ្លឹមសារនៃយុទ្ធនាការប្រយុទ្ធ ប្រឆាំងគ្រឿងញៀនបានចំនួន ៧លើក ដែលមានអ្នកចូលរួម ១៩៦នាក់ ក្នុងនោះមានសិស្សានុសិស្សចូលរួម ៧៨នាក់។ បានចុះអប់រំ ផ្សព្វផ្សាយ នៅតាមសហគ្រាស-រោងចក្រ ដល់កម្មករ-កម្មការិនីចំនួន ១០នាក់ ផងដែរ។ ក្រៅពីនេះក៏មានរៀបចំជាវេទិកាសាធារណៈ ក្រោមប្រធានបទពាក់ព័ន្ធគ្រឿងញៀនចំនួន ៥លើក ដោយមានប្រជាពលរដ្ឋចូលរួមចំនួន១២០នាក់។

លោកស្នងការរង ព្រុំ សន្ធរ បានបន្ថែមថា សេវាកម្មព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្ម ក៏បានផ្ដល់ជូនដល់អ្នកញៀន គ្រឿងញៀន ចំនួន ៣នាក់ នៅមជ្ឈមណ្ឌលបណ្តោះអាសន្នមួយចំនួន រួមមាន៖ មជ្ឈមណ្ឌលឱកាសខ្ញុំចំនួន ២នាក់, មន្ទីរសង្គមកិច្ច រាជធានីភ្នំពេញចំនួន ១នាក់។

សូមជម្រាបថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញសេចក្តី សម្រេចចាត់តាំងក្រុមប្រចាំការអចិន្ត្រៃយ៍ នៃលេខាធិការដ្ឋានយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១ ដែលក្រុមប្រចាំការនេះ មានលោក ឆាយ គឹម ខឿន ជាប្រធាន និងមានអនុប្រធាន សមាជិក៨រូបផ្សេងទៀត៕