(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាសម្តែងការគួរសម រវាង លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាមួយ លោក Ingo Karsten ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ដែលទើបតែងតាំងថ្មី នារសៀលថ្ងៃទី០២ ខែមករា ឆ្នាំ ២០១៧ នៅទីស្តីការ ក្រសួង លោក​ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ជាពិសេស ជាប្រទេសដែលសម្បូរណ៌ដោយ ធនធានធម្មជាតិ និងសម្បត្តិវប្បធម៌រុង​​រឿង ដែលពោរពេញ​ដោយប្រាសាទបុរាណ និងរម្មណីដ្ឋានប្រវត្តិសាស្ត្រជាច្រើន និងរិតតែពិសេសទៅទៀតនោះ គឺកម្ពុជា មានស្ថេរភាពនយោបាយ សុខ​សន្តិភាព និងសេដ្ឋកិច្ចទីផ្សារសេរី គួរឲ្យចាប់អារម្មណ៌។ នេះបើតាមការសង្កេត និងការធ្វើដំណើរទស្សនៈកិច្ចដោយ​ផ្ទាល់ តាមបណ្តាខេត្តមួយចំនួន តែក្នុងរយៈ​ពេលខ្លី ដែល​លោកទើបមកបំពេញ បេសកកម្មការទូតនៅកម្ពុជាប៉ុណ្ណោះ។

ចំណុចទាក់ទាញនេះ លោកនឹងមិនភ្លេចទេ ជម្រាប​ដល់ក្រុមវិនិយោគិន ធុរៈជន ក៏ដូចជាឧស្សាហករ អាល្លឺម៉ង់ឲ្យចាប់អារម្មណ៌ បណ្តាក់ទុននៅកម្ពុជាឲកាន់​តែច្រើនថែមទៀត។ ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូតក៏បាន​ជម្រាបដំណឹងផងដែរថា នៅដើមខែកុម្ភៈខាងមុខនេះ នឹងមានប្រតិភូសភាអាល្លឺម៉ង់ រួមជាមួយអ្នកវិនិ​យោគ មួយក្រុមនឹង​អញ្ញើញ​មកទស្សនកិច្ចនៅកម្ពុជា ដោយផ្តោតជាសំខាន់នៅ​ទីរួមខេត្តសៀមរាប ដែលជាខេត្តមានសក្តានុពលខ្ពស់​លើវិស័យទេសចរណ៌។ តែទោះជាយ៉ាងណា ក្នុងជំនួបពិភាក្សានេះ លោក Ingo Karsten នៅតែចង់បានអនុសាសន៍ចង្អុល បង្ហាញមួយចំនួនពី លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ទាក់ទងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម នៅកម្ពុជា ដោយយោងលើបទពិសោធន៍ យូរឆ្នាំរបស់លោក ទេសរដ្ឋមន្ត្រីផ្ទាល់។

លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានសម្តែងការស្វាគមន៍ និងសង្ឃឹមថា តាមរយៈ បេសកកម្មការទូតរបស់លោក Ingo Karsten នៅកម្ពុជាប្រទេសទាំងពីរ កម្ពុជា-អាល្លឺម៉ង់ នឹងពង្រឹងពង្រីកថែមទៀត នូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ កាន់តែប្រសើរឡើង។ ទាក់ទងវិស័យឧស្សាហកម្ម លោកសង្ឃឹមថា នឹងទទួលបានកិច្ចសហការល្អពីភាគីអាល្លឺម៉ង់ ទាក់ទងនិងការផ្ទេរបច្ចេកវិទ្យាថ្មីៗតាមរយៈការ បណ្តាក់ទុនវិនិយោគ ក៏ដូចជាការពង្រឹងសម្ថភាពតាមរយៈ ការបណ្តុះបណ្តាលធនធានមនុស្ស​ជាដើម ។ ចំណុចនេះ លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនថា នៅសប្តាហ៍ទី៣ នៃខែនេះ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងការិយាល័យប្រកាសនីយបត្រតក្កកម្ម នៃសហគមន៍អឺរ៉ុប ( European Patent Office) នឹងចុះអនុស្សារណៈយោគយល់គ្នា ស្តីពីការចុះបញ្ជីទទួលស្គាល់គ្នា ទៅវិញទៅមក រវាង​សហគមន៍អឺរ៉ុប និងកម្ពុជា សម្រាប់កិច្ចការពាររបបគំហើញស្នាដៃតក្កករ ដែលមានផល ប្រយោជន៍សម្រាប់ដំណើការផលិតកម្ម ក្នុងវិស័យបច្ចេកវិទ្យា ដែលជាចំណុចដ៏សំខាន់មួយសម្រាប់ការទាក់ទាញ វិនិយោគផ្នែកបច្ចេកវិទ្យា និងរបបគំហើញថ្មីៗ ពីសហគមន៍​អឺរ៉ុបមកកម្ពុជា។

លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានកោតសរសើរថា ថ្វីត្បិតលោកអគ្គរដ្ឋទូត ទើបមកបំពេញបេសកកម្មការទូត នៅកម្ពុជា ក្នុងរយៈពេលខ្លី តែលោក បានយល់ពីសភាពការណ៌ កម្ពុជាបានច្រើន។ លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែម នូវចំណុចជាសក្តានុពលរបស់កម្ពុជា គឺទន្ទឹមនិងកម្ពុជា ទទួលបានសុខសន្តិភាព​ទូទាំងប្រទេស មានស្ថេរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច គឺកម្ពុជាមានរបបសេដ្ឋកិច្ច​ទីផ្សារសេរី មានការលើកទឹកចិត្តច្រើន ចំពោះការវិនិយោគផ្ទាល់ពីក្រៅប្រទេស ជាពិសេស គឺភាពអនុគ្រោះពាណិជ្ជកម្ម ដែលកម្ពុជាទទួលបាន ពីបណ្តាប្រទេសអភិវឌ្ឍន៍ និងប្រទេសដៃគូជាច្រើន ក្នុងនាមកម្ពុជា ជាប្រទេសអភិវឌ្ឍតិចតួច និង ការធ្វើសមាហរណកម្ម សេដ្ឋកិច្ចរបស់ខ្លួន ចូលក្នុងតំបន់និងពិភពលោក។

ដោយឡែក ក្រោមក្របខ័ណ្ឌសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលមានលំហូរ​ដោយសេរី នូវទំនិញ ការវិនិយោគ និងមូលធនជាដើម លោក​ទេសរដ្ឋមន្ត្រី បានជម្រាបជូនថា កម្ពុជាស្ថិតចំកណ្តាលបេះ​ដូងអាស៊ាន ការផលិតទំនិញគ្រប់យ៉ាង ដូចជាគ្រឿងបង្គុំ​រថយន្ត និងគ្រឿងចក្រផ្សេងៗ ពិតជាមានអត្ថប្រយោជន៍ ដែលលោកស្នើឲ្យ​ភាគីអាល្លឺម៉ង់ ចាប់អារម្មណ៌លើចំណុចនេះ ខណៈដែល​បច្ចេកវិទ្យាអាល្លឺម៉ង់ មានការទទួលស្គាល់ពេញ​ពិភពលោក ។ ជាក់ស្តែងទីផ្សារ​រថយន្តអាល្លឺម៉ង់ កុំពុងមានការពេញនិយម នៅកម្ពុជា។ លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ការផលិតនៅកម្ពុជាមិនត្រឹម សម្រាប់លក់រួចពន្ធនៅទីផ្សារអាស៊ាន​ប៉ុណ្ណោះទេ តែទៅកាន់ទីផ្សារពិភពលោក​ ជាច្រើនទៀត តាមរយៈភាពអនុគ្រោះពាណិជ្ជកម្ម និងកម្ពុជា ជាសមាជិកនៃអង្គការពាណិជ្ជកម្ម ពិភពលោក (WTO)។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក៏បានជម្រាបជូន ពីគោលដៅចម្បងនៃការអភិវឌ្ឍ​ វិស័យឧស្សាហកម្ម តាមរយៈគោលនយោបាយអភិវឌ្ឍវិស័យ​ឧស្សាហកម្ម ២០១៥-២០២៥ និងគំនិតផ្តួចផ្តើម​ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងការបង្កើតតំបន់ចង្កោមសហគ្រាស​ខ្នាតតូច និង​មធ្យម (SMEs Cluster Zone) ដើម្បីលើកកំពស់​ វិស័យសហគ្រាសខ្នាតតូច និងមធ្យមផង និងគាំទ្រដល់សង្វាក់​ផលិតកម្ម នៃឧស្សាហកម្ម ធុនមធ្យម និងធ្ងន់ផង៕