(ឧត្តរមានជ័យ​)៖​ លោក​ ស ថាវី អភិបាលខេត្ត​ឧត្តរមានជ័យ និងលោក យឹម ធិន ប្រធានក្រុមប្រឹក្សាខេត្ត​ នៅព្រឹក​ថ្ងៃទី០៩​ ខែមករា​ ឆ្នាំ២០១៧នេះ​ បានបើក​ការ​ដ្ឋានស្ថាបនាសាងសង់ ​ផ្លូវគ្រួសក្រហម​ ប្រែក្លាយជា​ផ្លូវក្រាលកៅស៊ូ ប្រភេទ DBST ចំនួន៧ខ្សែ ដែលមានទទឹងផ្លូវប្រវែង៦ម៉ែត្រ​ សរុបប្រវែង៥៦៥០ម៉ែត្រ​ ស្ថិតនៅសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

លោក​ ស ថាវី អភិបាលខេត្ត​ឧត្តរមានជ័យ​បានថ្លែងឲ្យដឹងថា​ ផ្លូវក្រាលកៅស៊ូប្រភេទ DBST ចំនួន៧ខ្សែនេះ គឺប្រើប្រាស់កញ្ចប់ថវិកា អភិវឌ្ឍន៍របស់ខេត្ត ដើម្បីជាការបំរើនូវ​សេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋយើង ​មានចំនួន៤ភូមិ គឺភូមិឈូក ភូមិគោកគរ ភូមិដូនកែន​ និងភូមិពុរ ស្ថិតសង្កាត់-ក្រុង​សំរោង​ ។

នាពេលនោះដែល ​ប្រជាពលរដ្ឋក៏បានសម្តែង ការសប្បាយចិត្តយ៉ាងខ្លាំង ព្រមទាំងបានជូនពរ និងថ្លែងអំណរគុណ ចំពោះលោកស ថាវី អភិបាលខេត្ត និងជាពិសេសនោះ គឺសូមថ្លែងនូវអំណរគុណ ចំពោះសម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីនៃកម្ពុជា ដែលជានិច្ចជាកាល សម្តេចតែងតែគិតគូរពីសុខទុក្ខ និងរាល់ការលំបាក របស់ប្រជាពលរដ្ឋជានិច្ច ជាពិសេសនោះជាក់ស្តែងនៅពេលនេះ គឺបានអភិវឌ្ឍន៍នៅភូមិឃុំ​ របស់ពួកគាត់៕