(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ការចុះអនុស្សណៈនៃការយោគយល់គ្នា រវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា ជាមួយវិទ្យាស្ថានអប់រំបច្ចេកទេសសិង្ហបុរី នៅរសៀលថ្ងៃទី០៩ ​ខែមករា ឆ្នាំ២០១៧ នេះរួចនោះ រាជរដ្ឋាភិបាលកម្ពុជានឹងបញ្ជូនគ្រូបង្គោលចំនួន ៨០នាក់ ទៅសិក្សាជំនាញសំខាន់ៗចំនួន៣មុខ នៅប្រទេសសិង្ហបុរី, នេះបើតាមលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ។  

លោក ហេង សួរ បានបញ្ជាក់ថា «តាមរយៈអនុស្សណៈនេះ ប្រទេសសិង្ហបុរី នឹងបណ្តុះបណ្តាលគ្រូបង្គោល ផ្នែកបច្ចេកវិទ្យាចំនួន ៨០នាក់ ចំនួន៣សប្តាហ៍ នៅវិទ្យាស្ថានអប់រំបច្ចេកទេសសិង្ហបុរី លើ៣មុខជំនាញ រួមមាន៖ ១.ជំនាញទំនាកទំនងព័ត៌មានវិទ្យាចំនួន ៣២នាក់, ២.ជំនាញបច្ចេកវិទ្យាគ្រឿងយន្តចំនួន ៣២នាក់, ៣.ជំនាញអេឡិចត្រូនិកចំនួន ១៦នាក់»

លោកអ្នកនាំពាក្យបានបន្តថា គ្រូបច្ចេកទេសដែលត្រូវបញ្ជូនទៅបណ្តុះបណ្តាល នៅប្រទេសិង្ហបុរីនោះ គឺជាគ្រូបច្ចេកទេសដែលកំពុងបង្រៀន នៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោកបានបន្ថែមថា ក្រោយការបណ្តុះបណ្តាល គ្រូបច្ចេកទេសបង្គោលទាំង ៨០នាក់នោះ ត្រូវមានកាតព្វកិច្ចបង្រៀនបន្ត ដល់គ្រូបច្ចេកទេសផ្សេងៗទៀត «ក្នុងអត្រាគ្រូបង្គោល ១នាក់ ត្រូវបង្រៀនបន្តដល់គ្រូបច្ចេកទេស ៣នាក់ផ្សេងទៀត»។

វិទ្យាស្ថានអប់រំបច្ចេកទេស (ITE) របស់សិង្ហបុរី គឺជាវិទ្យាស្ថានដ៏ល្បីល្បាញមួយទាំងក្នុងតំបន់ និងសកលលោក ពាក់ព័ន្ធនឹងផ្នែកអប់រំបច្ចេកទេសវិជ្ជាជីវៈ ហើយតាមរយៈអនុស្សណៈនេះ គុណភាពគ្រូបច្ចេកទេសវិជ្ជាជីវៈ លើ៣មុខជំនាញខាងលើ នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែម ដើម្បីបំពេញ តាមតម្រូវការទីផ្សារការងារ ក៏ដូចជាជួយគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម នៅកម្ពុជាផងដែរ។

សូមជម្រាបថា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតីសិង្ហបុរី តូនី តាន់ កេងយាំ នៅប្រទេសកម្ពុជា រយៈពេល៤ថ្ងៃ មានអនុស្សារណៈចំនួន២ ដែលត្រូវចុះហត្ថលេខាក្នុងនោះរួមមាន៖

ទី១.អនុស្សារណៈ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ រវាងក្រសួងការងារកម្ពុជា ជាមួយវិទ្យាស្ថានអប់រំបច្ចេកទេសសិង្ហបុរី។
ទី២.ពិធីចុះហត្ថលេខាលើអនុស្សារណៈ រវាងមន្ទីរពេទ្យកាល់ម៉ែត្រ ជាមួយនឹងមន្ទីរពេទ្យ Tan Tock Seng ប្រទេសសិង្ហបុរី៕