(សៀមរាប)៖ សាខាសាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា (CUS) ខេត្តសៀមរាប នៅព្រឹកថ្ងៃទី​០៨ ខែមករា ឆ្នាំ២០១៧ នៅមានរៀបចំពិធីការពារ របាយការណ៍ស្រាវជ្រាវ បញ្ចប់ថ្នាក់បរិញ្ញាបត្រ សម្រាប់និស្សិត គ្រប់ឯកទេស ជំនាន់ទី១០​។

ក្នុងពិធីនោះមានការចូលរួមជា អធិបតីលោក ឃី វណ្ណេត នាយកសាខាសាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា ខេត្តសៀមរាប និងជាប្រធានគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃរបាយការណ៍ ស្រាវជ្រាវបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាន់ទី​១០, លោកនាយករងសាខា ព្រឹទ្ធបុរសរងសាស្រ្តាចារ្យបង្គោល សាស្រ្តាចារ្យឯកទេស និងនិស្សិតចូលរួមសរុបចំនួន២៨៥​នាក់។ ​

លោក ឃី វណ្ណេត បានថ្លែងថា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា បានខិតខំដើរតាមគោលដៅរបស់ខ្លួន គឺបណ្តុះបណ្តាល និស្សិតអោយមាន សមត្ថភាពវិជ្ជាជីវៈ មានបុគ្គលិកលក្ខណៈសម្បត្តិខ្ពស់ និងមានមូលដ្ឋានគ្រឹះរឹងមាំ សម្រាប់ភាពជោគជ័យក្នុងការងារ និងមុខរបរ។

លោកក៏បានបញ្ជាក់ទៀតថា ភាពជោគជ័យក្នុងការងារ និងមុខរបរ គឺវាអាស្រ័យលើបុគ្គលខ្លួនឯងជាអ្នកកំណត់ ហើយសមត្ថភាព ចំណេះដឹងទ្រឹស្តី មិនគ្រប់គ្រាន់ទេ សម្រាប់ភាពជោគជ័យ ប្រសិនបើខ្វះការអនុវត្ត ពោលគឺទ្រឹស្តីត្រូវផ្សារភ្ជាប់នឹងការអនុវត្ត ដោយឈរលើ​ទស្សនៈនេះ ការសិក្សាតែក្នុងថ្នាក់រៀន គឺមិនគ្រប់គ្រាន់ទេ តម្រូវឲ្យមានការស្រាវជ្រាវ និងចុះកម្មសិក្សា ដើម្បីទទួលបាននូវ បទពិសោធន៍ ជំនាញ និងចំណេះធ្វើ។

ជាក់ស្តែងនៅថ្ងៃនេះ សាកលវិទ្យាល័យ CUS បានរៀបចំពិធីការពារ របាយការណ៍ស្រាវជ្រាវបញ្ចប់ថ្នាក់បរិញ្ញាបត្រ ជំនាន់ទី១០ ជាមួយនិស្សិតចំនួន២៨៥ នាក់ លើឯកទេស គ្រប់គ្រងពាណិជ្ជកម្ម គណនេយ្យ ហិរញ្ញវត្ថុ និងធនាគារ គ្រប់គ្រងសណ្ឋាគារ និងទេសចរណ៍ វិទ្យាសាស្ត្រកុំព្យូទ័រ នីតិសាស្ត្រ និងអក្សរសាស្រ្តអង់គ្លេស ដែលបែងចែកជា៧៥ក្រុម ហើយមុនឈានមកថ្ងៃការពារបញ្ចប់នាពេលនេះ និងថ្ងៃបន្ទាប់ និស្សិតទាំង​៧៥ក្រុម បានខិតខំស្រាវជ្រាវជាង​៦ខែ ទាំងផ្នែកទ្រឹស្តី និងបទពិសោធន៍ពេលចុះកម្មសិក្សា ការការពារសាកល្បងជាមួយសាស្ត្រាចារ្យដឹកនាំ ការហាត់សមក្នុងក្រុម ដើម្បីទទួលជោគជ័យថ្ងៃការពាររបាយការណ៍ស្រាវជ្រាវជាផ្លូវការផងដែរ

ជាមួយគ្នានោះ លោក ភិន វណ្ណា ជាសាស្រ្តាចារ្យបង្គោល ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម នៃសាខាសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តសៀមរាប បានលើកឡើងថា ពិធីការពាររបាយការណ៍ស្រាវជ្រាវ បញ្ចប់នាថ្ងៃនេះ ជាលទ្ធផលនៃការសិក្សាស្រាវជ្រាវ លើប្រធានបទរបស់ខ្លួន បន្ទាប់ពីទទួលបានការណែនាំឲ្យចុះធ្វើការ ស្រាវជ្រាវ ដោយមានការឯកភាពជាមួយ សាស្ត្រាចារ្យណែនាំ និងគណៈកម្មការវាយតម្លៃរបាយការណ៍ ស្រាវជ្រាវនិស្សិតកន្លងមក ការសិក្សាស្រាវជ្រាវនេះជាភស្តុតាង បញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង និងការយក ចិត្តទុកដាក់ពីគណៈគ្រប់គ្រងសាខាសាកលវិទ្យាល័យ ក៏ដូចជាការចូលរួមរបស់និស្សិត ដើម្បីឆ្លើយតប នូវបទដ្ឋានបច្ចេកទេស ដែលក្រសួងអប់រំ យុវជន និងកីឡា បានកំណត់ក្នុងការជំរុញ និងបង្កើនគុណភាព នែការអប់រំនៅកម្រិតឧត្តមសិក្សា និងដើម្បីឆ្លើយតបទៅនឹងតម្រូវការ ទីផ្សារការងារ នៅកម្រិតជាតិ និងអន្តរជាតិ។

សូមបញ្ជាក់ថា ​បច្ចុប្បន្នសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា (CUS) មានទីតាំងទាំងអស់ចំនួន​៨ ដែលមាន​២​ទីតាំង នៅរាជធានីភ្នំពេញ និង​៦​ទីតាំង ទៀតនៅតាមបណ្តាខេត្តដូចជា ខេត្តកំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងខេត្តកំពត ដែលមាននិស្សិតសរុបកំពុងសិក្សាប្រមាណជិត ២​ម៉ឺន​នាក់៕