(ពោធិ៍សាត់)៖ កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ និងកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ចំនួន៣៥នាក់ រួមមានរថយន្ត​៨គ្រឿង គោយន្ត​១គ្រឿង ម៉ូតូ​៦គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ឯក សូ សុវណ្ណឌី មេបញ្ជាការរង និងជានាយសេនាធិការអាវុធហត្ថខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងឧទ្យាននុរក្ស ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ បានរុករក និងបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសព្រៃឈើជាច្រើន ក្នុងភូមិសាស្ត្រ ស្រុកភ្នំក្រវាញ។​

ប្រតិបត្តិការបង្ក្រាបខាងលើនេះ ធ្វើឡើងចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៨​ ខែមករា ឆ្នាំ២០១៧ នៅចំណុចស្ទឹងតាសាយ សិ្ថតក្នុងភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។​

លោក ញឹម នី មេបញ្ជាការរងអាវុធហត្ថខេត្តពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh ​News ឲ្យដឹង​ថា ក្នុងប្រតិបត្តិការបង្ក្រាបខាងលើនេះ កម្លាំងចម្រុះបានដកហូតឈើ អារសន្និធិ ប្រភេទ(ធ្នង់)ចំនួន ៣១០កំណាត់ ស្មើនឹង ៥០.៩៣១ ម៉ែត្រគូប រទេះកង់ឡានចំនួន​៤គ្រឿង និងធ្វើការអប់រំប្រជាពលរដ្ឋចំនួន​៤នាក់ រួចឲ្យវិលត្រឡប់ ទៅលំនៅដ្ឋានវិញ។

ចំពោះវត្ថុតាងខាងលើ កម្លាំងចម្រុះបានប្រគល់ទៅឲ្យក្រុមឧទ្យាននុរក្ស ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ រក្សាទុកចាត់បន្តតាមនីតិវិធី៕​