(រតនគិរី)៖ លោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី បានប្រកាសផ្ដាំផ្ញើដល់កងកម្លាំងកងរាជអាវុធហត្ថទាំងអស់ថា ត្រូវធ្វើការបម្រើជាតិ បម្រើប្រជាពលរដ្ឋ និងការពារសន្តិសុខ សណ្ដាប់ធ្នាប់បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅពេលខាងមុខ ឲ្យបានល្អខ្ជាប់ខ្ជូនបំផុត។

ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើងក្នុងពិធីប្រកាសមុខងារ និងបំពាក់ឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ទោ ៤នាក់ និងវរសេនីយ៍ត្រី ៨នាក់ ដល់នាយទាហានអាវុធហត្ថខេត្តរតនគិរី នាថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋានអាវុធហត្ថខេត្ត។

លោកឧត្តមសេនីយ៍ត្រី គឹម រស្មី បានលើកឡើងថា បន្ទាប់ពីទទួលបានមុខងារ និងឡើងឋានន្តរស័ក្តិ ត្រូវខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួន គោរពវិន័យ «កម្លាំងអាវុធហត្ថត្រូវធ្វើការបម្រើប្រទេសជាតិ បម្រើប្រជាពលរដ្ឋ ជាពិសេសការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់បោះឆ្នោតឃុំ-សង្កាត់ នាពេលខាងមុខ»

មន្ត្រីអាវុធហត្ថត្រូវបានប្រកាសមុខងារ និងបំពាក់ឋានន្តរស័ក្តិ រួមមាន៖ លោកវរសេនីយ៍ឯក ទី ណាដែន មេបញ្ជាការរងអាវុធហត្ថខេត្ត, លោកវរសេនីយ៍ឯក កង សារ៉េត មេបញ្ជាការរងទទួលបន្ទុកយុត្តិធម៌ និងលោកវរសេនីយ៍ឯក ឡោក ថា មេបញ្ជាការរងអាវុធហត្ថខេត្ត ទទួលបន្ទុកកសាងកម្លាំង។

ថ្នាក់វរសេនីយ៍ទោ មាន៤នាក់ រួមមាន៖ លោកវរសេនីយ៍ទោ មួន សុវណ្ណ ជាមេបញ្ជាការរង និងជាប្រធានមន្ទីរភស្តុភារ, លោក ចាន់ សារិន មេបញ្ជាការរង និងជាប្រធានមន្ទីរបច្ចេកទេស, លោកវរសេនីយ៍ទោ ហុង សេងហួរ ប្រធានមន្ទីរកសាងកម្លាំង និងលោកវរសេនីយ៍ទោ គិន វណ្ណា ប្រធានមន្ទីរយុត្តិធម៌។

ចំណែកថ្នាក់វរសេនីយ៍ត្រីមាន ៨នាក់ រួមមាន៖ លោកវរសេនីយ៍ត្រី នាង បូណា នាយការិយាល័យគ្រឿងញៀន, លោកវរសេនីយ៍ត្រី គឹង ស៊ាងលី អនុប្រធានមន្ទីរបច្ចេកទេស, លោកវរសេនីយ៍ត្រី ប៉ែន រតនា នាយការិយាល័យសរុប, លោកវរសេនីយ៍ត្រី នី គឹមស៊ន់ នាយការិយាល័យបច្ចេកទេស, លោកវរសេនីយ៍ត្រី ណាប់ វណ្ណៈ នាយឃ្លាំង, លោកវរសេនីយ៍ត្រី ហាក់ ប៊ុន្នី មេបញ្ជាការអាវុធហត្ថមូលដ្ឋាន ស្រុកអណ្តូងមាស, លោកវរសេនីយ៍ត្រី រស់ វណ្ណា មេបញ្ជាការអាវុធហត្ថមូលដ្ឋាន ស្រុកកូនមុំ និងលោកវរសេនីយ៍ត្រី វ៉ន ឃាន មេបញ្ជាការអាវុធហត្ថមូលដ្ឋាន ស្រុកអូរជុំ។

ថ្លែងក្នុងពិធីខាងលើ លោកឧត្តមសេនីយ៍ត្រី គឹម រស្មី បានឲ្យដឹងថា «ការប្រកាសមុខងារ និងបំពាក់ឋានន្តរស័ក្តិ នាពេលនេះ ដោយសារថ្នាក់មើលឃើញពីការខិតខំបំពេញការងារ របស់អស់លោក»