(ស្វាយរៀង)៖ តាមការណែនាំរបស់លោក ម៉ក់ ពេជ្ជរិទ្ធិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល និងថ្នាក់ដឹកនាំខេត្តស្វាយរៀង នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ កម្លាំងសាខាកាំកុងត្រូលខេត្តស្វាយរៀង រួមជាមួយមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី និងមន្រ្តីមន្ទីរពិសោធន៍ចល័ត នៃអគ្គនាយកកាំកុងត្រូល បានធ្វើការចុះត្រួតពិនិត្យទំនិញ ដែលដាក់តាំងលក់នៅផ្សារតាពៅ ក្រុងបាវិត, ផ្សាវាលយន្ត ក្រុងស្វាយរៀង និងផ្សារក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

លោក ណាល់ វិចិត្រ ប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀង បានឲ្យដឹងថា ក្រុមការងាររបស់លោកបានធ្វើតេស្តបឋម ទៅលើផលិតផលមួយចំនួន ដូចជា បន្លែ ផ្លែឈើ ជ្រក់ត្រពាំង ម៉ាំ ប្រេងឆាវេចខ្ចប់ដាក់ថង់គិតជាគីឡូ និងអាហារវេចខ្ចប់មួយចំនួនទៀត ដើម្បីរកសារធាតុគីមី ដែលហាមឃាត់ និងពិនិត្យម្ហូបអាហារវេចខ្ចប់ស្រេច អំពីសុពលភាពប្រើប្រាស់ គុណភាព សុវត្ថិភាព និងអនាម័យ ជាលទ្ធផលបានពិនិត្យប្រេងឆា ដែលវេចខ្ចប់គិតជាគីឡូ ឃើញថាជិតខូចគុណភាព។

ជាមួយគ្នានេះ ក្រុមមន្រ្តីចម្រុះក៏បានណែនាំឲ្យអាជីវករទាំងអស់ ត្រូវដាក់តាំងលក់នូវប្រភេទទំនិញ និងម្ហូបអាហារដែលគ្មានលាយសារធាតុគីមី ហើយមានគុណភាព សុវត្ថិភាព មានអនាម័យ ដើម្បីចូលរួមចំណែកថែរក្សាសុខភាពប្រជាពលរដ្ឋទាំងអស់គ្នា ក៏ដូចជាសុខមាលភាពសង្គម និងបានអំពាវនាវដល់ប្រជាពលរដ្ឋ រាល់ការទិញម្ហូបអាហារវេចខ្ចប់ ត្រូវពិនិត្យឲ្យច្បាស់លាស់អំពីស្លាកសញ្ញាក្រុមហ៊ុន និងសុពលភាពប្រើប្រាស់៕