(ភ្នំពេញ)៖ លោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សម្រាប់ការរៀបចំគម្រោងរេដបូកក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់​ ជាមួយតំណាងក្រុមហ៊ុនជប៉ុន Mitsui និងអង្គការអភិរក្សអន្តរជាតិ (CI) ក្នុងក្របខណ្ឌយន្តការឥណទានកាបូនរួមគ្នា (JCM) នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧នេះ នៅទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាពលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។

កិច្ចព្រមព្រៀងនេះគឺជាក្របខណ្ឌសហប្រតិបត្តិការរវាងក្រសួងបរិស្ថាន​ អង្គការ​ CI និងក្រុមហ៊ុន​ Mitsui ក្នុងការសិក្សា រៀបចំរួមគ្នា នូវគម្រោងរេដបូកក្នុងរយៈពេលបីឆ្នាំខាងមុខ​ ដើម្បីអនុវត្តនៅក្នុងដែនជម្រកសត្វព្រៃ-ព្រៃឡង់។ នៅក្នុងដំណាក់កាលនេះ ក៏មានការគាំទ្រផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុដល់ការអនុវត្តការការពារនិងអភិរក្សព្រៃឈើ​ និងការលើកកម្ពស់ជីវភាពសហគមន៍នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែងក្នុងចំណោមខេត្តទាំងបួនគ្របដណ្តប់តំបន់ព្រៃឡង់។​

សូមបញ្ជាក់ថា​ គម្រោងរេដបូកដែលនឹងត្រូវចាប់ផ្តើមរៀបចំនាពេលនេះ មានគោលបំណងបង្កើតយន្តការហិរញ្ញវត្ថុ និរន្តរភាព សម្រាប់ការពារ និងអភិរក្សធនធានធម្មជាតិ ជាពិសេសដែនជម្រកសត្វព្រៃ ព្រៃឡង់ ឱ្យកាន់តែមានប្រសិទ្ធភាព​ រួមទាំងជួយដល់ការកែលម្អជីវភាពរស់នៅរបស់ប្រជាសហគមន៍មូលដ្ឋាននៅក្នុងតំបន់ការពារធម្មជាតិដ៏មានសារ:សំខាន់នេះផងដែរ។ម្យ៉ាងទៀតគម្រោងនេះនឹងចូលរួមក្នុងការកាត់បន្ថយឥទ្ធិពលនៃការប្រែប្រួលអាកាសក្នុងអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC)។​

បច្ចុប្បន្ននេះ​ ក្រសួងបរិស្ថានបានកំពុងសហការជាមួយអង្គការ​ WCS និងក្រុមហ៊ុន​ Disney ក្នុងការអនុវត្តគម្រោងរេដបូក ក្រោមរូបភាពទីផ្សារស្ម័គ្រចិត្តនៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា​ ហើយក៏កំពុងសហការជាមួយអង្គការ​ Wildlife Alliance ក្នុងការរៀបចំគម្រោងប្រភេទនេះសម្រាប់អនុវត្តនៅក្នុងឧទ្យានជាតិ ជួរភ្នំក្រវ៉ាញ ភាគខាងត្បូងផងដែរ៕