(បាត់ដំបង)៖ នៅថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០១៧ នេះ គណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ សហការជាមួយអនុគណៈកម្មការខេត្តបាត់ដំបង បានរៀបចំពិធីប្រគល់ឧបករណ៍ចម្រោះទឹកស្អាត ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ ដោយសារគម្រោងផ្លូវដែកចំនួន ៣៨ គ្រួសារ ដែលបានផ្លាស់ប្តូរទីលំនៅ មករស់នៅក្នុងទីតាំងថ្មីសម្រាប់ការតាំងទីលំនៅឡើងវិញ ស្ថិតនៅភូមិព្រៃកូនសេក សង្កាត់អូរចា ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ពិធីនេះត្រូវបានប្រារម្ភធ្វើឡើងក្រោមអធិបតីភាពលោកអ៊ឹម សិទ្ធីរ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ ដោយសារគម្រោងអភិវឌ្ឍន៍ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកហឿន សុគន្ធ អភិបាលរងខេត្តបាត់ដំបង។ ថ្លែងក្នុងពិធីនោះលោកអ៊ឹម សិទ្ធីរ៉ា បានគូសបញ្ជាក់ថា ការសម្រេចផ្តល់ឧបករណ៍ ចម្រោះទឹកស្អាត នៅថ្ងៃនេះ គឺធ្វើឡើងបន្ទាប់ពីលោកបានចុះពិនិត្យស្ថានភាពទឹកប្រើប្រាស់របស់បងប្អូនប្រជាពលរដ្ឋកាលពីកាលខែ កក្កដា ឆ្នាំ ២០១៦ កន្លងទៅនេះ ស្របពេលដែល ប្រទេសកំពុង ស្ថិតក្នុងស្ថានភាពរាំងស្ងួតខ្លាំង ខុសប្រក្រតី។ នេះជាការយកចិត្តទុកដាក់ផ្ទាល់ របស់គណៈកម្មការអន្តរក្រសួង ដោះស្រាយផលប៉ះពាល់ អំពីសុខមាលភាពរបស់បងប្អូន។
សូមរំលឹកថា ការងារដោះស្រាយផលប៉ះពាល់ ដោយសារគម្រោងស្តារឡើងវិញ ផ្លូវដែកនៅកម្ពុជា ត្រូវបានអនុវត្តដោយគណៈកម្មការ អន្តរក្រសួងដោះស្រាយ ផលប៉ះពាល់។ កន្លងមកក្រៅពីទទួលបានប្រាក់សំណង ចំពោះសំណង់ផ្ទះសម្បែង និងទ្រព្យសម្បត្តិផ្សេងៗទៀត ដែលទទួលរងផលប៉ះពាល់ ដោយសារគម្រោង ប្រជាពលរដ្ឋរងផលប៉ះពាល់ ទាំងស្រុងគ្មានដីនៅសល់ សម្រាប់រំកិលថយក្រោយផុតពី ទីតាំងដែលជាតម្រូវការរបស់គម្រោង គណៈកម្មការអន្តរក្រសួង ដោះស្រាយផលប៉ះពាល់បានផ្តល់ជូននូវដីលំនៅដ្ឋានកម្មសិទ្ធិស្របច្បាប់មួយឡូតិ៍ទំហំ ១០៥ ម២ (៧ម x ១៥ម) នៅក្នុងទីតាំងថ្មីសម្រាប់ការតាំងទីលំនៅឡើងវិញ ដែលត្រូវបានរៀបចំឡើងដោយមានការចាក់បំពេញដី, ផ្លូវចេញចូល និងផ្លូវក្នុងទីតាំថ្មីក្រាលគ្រួសក្រហម, បង្គន់អនាម័យគ្រប់ៗគ្រួសារ, ការភ្ជាប់បណ្តាញទឹក (ប្រសិនបើមាន) ឬជាអណ្តូងទឹកជាដើម។
លើសពីនេះ រាជរដ្ឋាភិបាលបានរ៉ាប់រងលើ សោហ៊ុយចំណាយក្នុងការតភ្ជាប់ ចរន្តអគ្គិសនីចូលដល់ ផ្ទះប្រជាពលរដ្ឋដែល បានផ្លាស់ទីមករស់នៅ ក្នុងទីតាំងថ្មីនេះ គ្រប់គ្រួសារថែមទៀត។ ប្រជាពលរដ្ឋរងផលប៉ះពាល់ ក៏ទទួលបានកម្មវិធីស្តារប្រាក់ចំណូលឡើងវិញ ដោយទទួលបាន ការបណ្តុះបណ្តាល ជំនាញផ្សេងៗមួយចំនួន ដូចជាការចិញ្ចឹមមាន់, ការគ្រប់គ្រងអាជីវកម្ម និងហិរញ្ញវត្ថុ, ការបណ្តុះផ្សិត, ជាងកាត់សក់ និងរៀនបើកបររថយន្ត ជាដើម។ ចំពោះទីតាំងក្នុងភូមិសាស្រ្តខេត្តបាត់ដំបង គណៈកម្មការអន្តរក្រសួងក៏បានជីកស្រះទឹកទំហំ ២,០០០ម២ ដើម្បីរក្សាទឹកទុកប្រើប្រាស់ ហើយបានរៀបចំប្រព័ន្ធ ចម្រោះទឹកចេញពីស្រះ មុននឹងចែកចាយដល់ ខ្នងផ្ទះប្រជាពលរដ្ឋ។
ដើម្បីធ្វើឱ្យគុណភាព ទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋ កាន់តែល្អ គណៈកម្មការអន្តរក្រសួងដោះស្រាយ ផលប៉ះពាល់ធ្វើការទំនាក់ទំនង ជាមួយក្រុមហ៊ុន ដែលមានបទពិសោធន៍ លើការចម្រោះទឹកស្អាតសម្រាប់ប្រើប្រាស់ ហើយមានឧបករណ៍ ទំនើបដែលអាចចម្រោះទឹកឱ្យមាន គុណភាពអាចប្រើប្រាស់បាន។
ជារួម ឧបករណ៍ចម្រោះទឹកនេះត្រូវបានទទួលស្គាល់ដោយក្រសួង-ស្ថាប័នមានសមត្ថកិច្ច។ ធុងចម្រោះមួយអាចផ្ទុកទឹកបានចំណុះ ២០ លីត្រ (ផ្នែកខាងលើ ០៧ លីត្រ និង ផ្នែកខាងក្រោម ១៣ លីត្រ) ហើយប្រព័ន្ធតម្រង់របស់ឧបករណ៍ចម្រោះនេះអាចប្រើប្រាស់ពី១ ឆ្នាំ ទៅ ២ ឆ្នាំ អាស្រ័យទៅលើបរិមាណទឹកដែលប្រើប្រាស់ប្រចាំថ្ងៃ។ ក្រោយមកបងប្អូន គ្រាន់តែប្តូរតម្រង គឺអាចបន្តប្រើប្រាស់ទៀតបាន ហើយតម្រងនេះក៏មិនមានតម្លៃថ្លៃដែរ។ គណៈកម្មការអន្តរក្រសួងក៏ បានផ្តល់ជូនតម្រងថ្មីមួយ សម្រាប់បន្ថែមទៀតផងដែរ៕