(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានសម្រេចចិត្តចូលរួមក្នុងការជួយគាំទ្រ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ក្នុងតួនាទីជាទីប្រឹក្សាជាន់ខ្ពស់សមាគមនេះ។
ជាមួយគ្នានោះ លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានសម្ដែងនូវការអបអរសាទរចំពោះ លោក ហ៊ុន ម៉ានី ជាតំណាងរាស្រ្ត។
លោកឧកញ៉ា លី ហួរ បានបញ្ជាក់ថា សមាគមបានមើលឃើញ លោក ហ៊ុន ម៉ានី ជាស្នូលដ៍សំខាន់ ដែលសមាគមមិនអាចខ្វះវត្តមានបាន ក្នុងការរុញច្រានសមាគមឲ្យមានភាពរីកចម្រើន និងដើម្បីកិត្យានុភាពសមាគម នេះជាតម្លៃដ៍ធំធេងដែល លោកបានលះបង់ទាំងពេលវេលា ទាំងកម្លាំងកាយ ក្នុងការជួយទ្រទ្រង់ និងដើម្បីបុព្វហេតុសមាគមអ្នកអភវឌ្ឍន៍លំនៅឋានកម្ពុជា។
សូមរំលឹកថា កន្លងទៅសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានបោះឆ្នោតជ្រើសរើសអ្នកឧញ៉ា ហុង ពីវ ជាប្រធានកិត្តិយសអចិន្រ្តៃយ៍។ ហើយថ្មីនេះ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានធ្វើពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៧ នៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយបានចូលរួមពីសំណាក់សមាជិក-សមាជិកា ដែលសុទ្ធជាឧកញ៉ាធំៗ គ្រាក់ៗ ជាម្ចាស់ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍ លំនៅឋាន ជិត ៤០ក្រុមហ៊ុន។
គេសង្កេតឃើញថា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ទើបតែបង្កើតឡើងបានត្រឹមជាងមួយឆ្នាំប៉ុណ្ណោះ តែមានភាពល្បីល្បាញ និងមានការអភិវឌ្ឍន៍យ៉ាងខ្លាំងព្រមទាំងមានការគាំទ្រពីសំណាក់ អ្នកអភិវឌ្ឍន៍វិស្ស័យសំណង់ និងទទួលស្គាល់គាំទ្រពីរាជរដ្ឋាភិបាលកម្ពុជាផងដែរ ក្នុងការចូលរួមជួយអភវឌ្ឍន៍សេដ្ឋកិច្ចជាតិ៕