(សៀមរាប)៖ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានជួបពិភាក្សាការងារជាមួយ​តំណាងក្រុមហ៊ុន​អ៉ីអុង (AEON) សាកលវិទ្យាល័យសូហ្វីយ៉ា និងក្រុមហ៊ុន​សាតូកម្ពុជា នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅទីស្នាក់ការអាជ្ញាធរជាតិ​អប្សរាផ្ទាល់ដោយផ្តោតសំខាន់ លើដំណើរការនៃការជួសជុលសារមន្ទីរ​ព្រះនរោត្តមសីហនុអង្គរ និងការដាក់ឲ្យដំណើរ​ការឡើងវិញនូវ​សារមន្ទីរ ក្រោយការជួសជុលរួចរាល់។

លោក ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនអ៊ីអុង និងសាកលវិទ្យាល័យសូហ្វីយ៉ា ដែលបានជួយជ្រោមជ្រែងក្នុងកិច្ច​អភិរក្សវប្បធម៌​នៅអង្គរ​ជាពិសេស គឺកិច្ចការជួសជុលសារមន្ទីរនៅពេលនេះ។ លោកបាន បញ្ជាក់ថា អាជ្ញាធរជាតិអប្សរា ពិតជាពេញចិត្តចំពោះសមិទ្ធផល​ដ៏ល្អប្រសើរនេះ​ ហើយ​អាជ្ញាធរជាតិអប្សរា នឹងពិភាក្សាជាមួយ សាកលវិទ្យាល័យសូហ្វីយ៉ា ដើម្បីរិះរកវិធីសាស្ត្រយ៉ាង​ណាទាក់ទាញភ្ញៀវទេសចរ ឲ្យចូលទស្សនាសារមន្ទីរនេះ កាន់តែច្រើន ក្រោយពីជួសជុលរួចរាល់។ ជាមួយគ្នានេះ អគ្គនាយកក៏បាន​ស្នើឲ្យក្រុមហ៊ុនអ៉ីអុង​ពិចារណាជួយជួយជួសជុល ចំណុចមួយ ចំនួនទៀត ដែលមិនមានក្នុង​កិច្ចព្រមព្រៀង។

ទីប្រឹក្សាជាន់ខ្ពស់នៃក្រុមហ៊ុនអ៉ីអុង លោក ហាយ៉ាស៊ី ណាអុគី បានសម្តែងនូវការពេញចិត្តចំពោះដំណើរការជួសជុល ដែល មានការវិវឌ្ឍទៅមុខជាលំដាប់។ លោកបញ្ជាក់ថា ដំណើរការជួសជុលនេះ មិនចោទជាបញ្ហាអ្វីនោះទេ តែអ្វីដែលយើងគិត គឺការទាក់ទាញភ្ញៀវទេសចរ​ឲ្យចូល​មកទស្សនាសារមន្ទីរ​ឲ្យបានក្រោយពីការ​ជួសជុលរួចរាល់។

សារមន្ទីរព្រះនរោត្តមសីហនុអង្គរ បានកសាងឡើងនៅឆ្នាំ២០០៧ ក្រោមកិច្ចសហប្រតិបត្តិការរវាង អាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វ៊ីយ៉ា ដោយ «មូលនិធិនៃក្លឹប១%» របស់ក្រុមហ៊ុនអ៉ីអុង ដើម្បីដាក់តាំង និងតម្កល់វត្ថុបុរាណ ដែលបានរកឃើញក្នុងពេលសិក្សា​ស្រាវជ្រាវរបស់​សាកលវិទ្យាល័យ​សូហ្វ៊ីយ៉ា កាលពីឆ្នាំ​២០០០ និង២០០១ នៅប្រាសាទ បន្ទាយក្តី។ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៦មក ក្រុមហ៊ុនអ៊ីអុង អាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ាសម្រេចធ្វើការ ជួសជុលកែ​លម្អ​ឡើងវិញ ហើយគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលខែមីនា ឆ្នាំ២០១៧នេះ។

យោងតាមខ្លឹមសារនៃកិច្ចព្រមព្រៀងស្តីពីការងារ​ជួសជុលនេះ មូលនិធិក្លឹប១%នៃក្រុមហ៊ុនអ៊ីអុងទទួលបន្ទុក​ចំណាយទាំងស្រុង លើការងារជួស​ជុល ដំបូលលិចទឹក ជញ្ជាំង​ជ្រាបទឹក លាបថ្នាំ ជួសជុលបង្អួច និងកម្រាលឥដ្ឋសាលពិព័រណ៍។

អាជ្ញាធរជាតិអប្សរាទទួល​បន្ទុកដឹកជញ្ជូនចម្លាក់មុន និងក្រោយការងារជួសជុល សម្របសម្រួលការងារផ្សេងៗ និងចូលរួម ជួសជុល ចំណុចផ្សេងៗទៀតតាមលទ្ធភាព​ជាក់ស្តែង។ ចំណែកសាកលវិទ្យាល័យសូហ្វ៊ីយ៉ា នឹងទទួលបន្ទុកផ្តល់ប្រឹក្សាលើ ការងារជួសជុល និងលើដំណើរការពិព័រណ៍សារមន្ទីរបន្ទាប់ពីជួសជុលហើយ៕