(ភ្នំពេញ)៖ សមាគមចក្ខុខ្មែរ នៅថ្ងៃសុក្រទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា សហការរយៈពេល៥ឆ្នាំ ជាមួយនឹងមន្ទីរ​ពេទ្យ​ព្រះ​អង្គឌួង ដើម្បីផ្តល់ការព្យាបាលជំងឺភ្នែកដល់ប្រជាពលរដ្ឋក្រីក្រដោយឥតគិតថ្លៃ។ ពិធីចុះអនុស្សារណៈនេះនឹងធ្វើឡើងរវាង លោក ង៉ូវ ស្រ៊ុន ស្ថាបនិកនៃសមាគមចក្ខុខ្មែរ និងលោកវេជ្ជបណ្ឌិត លូ លីឃាង ប្រធានមន្ទីរពេទ្យព្រះអង្គឌួង។បន្ថែមពីនេះ សមាគមសេវាសុខាភិបាលភូមិខ្ញុំ​ក៏នឹងចុះហត្ថលេខាលើអនុស្សារណៈ​ជាមួយសមាគម​ចក្ខុខ្មែរ​ផងដែរ។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានតំណាងឱ្យសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីភាព នៃពិធីចុះអនុស្សារណៈទាំងពីរនេះ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានគូសបញ្ជាក់ថា៖ «ក្រសួងសុខាភិបាលប្តេជ្ញាផ្តល់សេវាសុខាភិបាល​ឱ្យកាន់តែប្រសើរឡើង​ជាពិសេសសហគមន៍ក្រីក្រ»។

ទន្ទឹមនឹងនេះដែរ លោកសាយ សំអាល់ បានមានប្រសាសន៍ថា៖ «សហភាពសហព័ន្ធយុវជនកម្ពុជាគាំទ្រយ៉ាងពេញ​ទំហឹងនិងសហការជាមួយសមាគម​ចក្ខុខ្មែររួមទាំងមន្ទីរ​ពេទ្យព្រះអង្គឌួង ដើម្បីផ្តល់ការព្យាបាលជូនប្រជាជនដែល​ត្រូវការវះកាត់​ភ្នែកទាំងអស់និងលើកទឹកចិត្តផ្ទេរចំណេះ​ដឹងបច្ចេកវិទ្យា និងជំនាញពីក្រុមអ្នកជំនាញ​បរទេស​មកកាន់គ្រូពេទ្យនិងសិស្សានុសិស្សរបស់កម្ពុជា»។ លោក សាយ សំអាល់បានបន្ថែមថា ការចុះអនុស្សារណៈនេះនឹង​ធ្វើឱ្យប្រសើរឡើងថែមទៀត​នូវស្ថានភាពប្រជា​ពលរដ្ឋខ្មែរ​រាប់ពាន់នាក់ដែលកំពុងមានបញ្ហាងងឹតភ្នែក។

លោកបណ្ឌិត ធន់ វឌ្ឍនា នាយកប្រតិបត្តិនៃសាលាជាតិកសិកម្មព្រែកលាប បានមានប្រសាសន៍ថា៖ «វិស័យសុខាភិបាលនិងវិស័យអប់រំ​ជាកត្តាអាទិភាពក្នុងការ​អភិវឌ្ឍ​សង្គមកម្ពុជា»។ លោកបន្ថែមថា ក្នុងនាមជាគណៈនាយកសមាគមចក្ខុខ្មែរ និងជានាយកប្រតិបត្តិនៃសាលាជាតិ​កសិកម្មព្រែកលាបលោកនឹងព្យាយាមឱ្យ​អស់ពីលទ្ធភាព​ដើម្បីប្រមូលអ្នកជំងឺ​ឱ្យបានច្រើនបំផុតជាពិសេសអ្នកជំងឺដែលមានជីវភាពក្រលំបាកពីតំបន់ជនបទដាច់ស្រយាល។

គួររំលឹកថាសមាគមចក្ខុខ្មែរ បានផ្តល់ការព្យាបាលដោយឥតគិត​ថ្លៃជូនប្រជាពលរដ្ឋដែល​មានបញ្ហាភ្នែកទូទៅនិងជាពិសេសប្រជាពល​រដ្ឋក្រីក្រចាប់តាំងពីឆ្នាំ២០០៧មក។ នៅឆ្នាំ២០១៦សមាគម​បានផ្តល់​ការពិនិត្យព្យាបាលភ្នែក​ទូទៅនិងផ្តល់ថ្នាំចំនួន​៥ម៉ឺនករណីនិងបានផ្តល់វ៉ែនតា​ការពារកំដៅថ្ងៃ​ចំនួន២ម៉ឺន៥ពាន់ ដល់ប្រជាកសិករ​ក្រីក្រដើម្បី​កាត់​បន្ថយនិងការពារជំងឺភ្នែក។បន្ថែមពីនេះសមាគមបានវះកាត់អ្នកជំងឺមានបញ្ហាភ្នែកបានចំនួន៦ពាន់៣រយករណី។

លោក ង៉ូវ ស្រ៊ុន ស្ថាបនិកនៃសមាគមចក្ខុខ្មែរបានឱ្យដឹងថា ជារៀងរាល់ឆ្នាំប្រជាពលរដ្ឋកម្ពុជាចំនួន៦ពាន់នាក់ បានងងឹតភ្នែកដោយសារជំងឺភ្នែក​ឡើងបាយ​ប៉ុន្តែការ​ព្យាបាលជំងឺនេះ​ក្រុមគ្រូពេទ្យចំណាយ​ពេលតែ២០នាទី​ប៉ុណ្ណោះដើម្បីព្យាបាល។

លោក ង៉ូវ ស្រ៊ុន ក៏បានកោតសរសើរចំពោះការចូលរួមរបស់លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង លោកសាយសំអាល់ និងលោកវេជ្ជបណ្ឌិត លូ លីឃាង ប្រធានមន្ទីរ​ពេទ្យព្រះអង្គឌួង។

សូមបញ្ជាក់ថាបច្ចុប្បន្នសមាគមចក្ខុខ្មែរ បាននិងកំពុងធ្វើការជាមួយយុវជនស្ម័គ្រ​ចិត្តដែលមកពីសហភាព​សហព័ន្ធយុវជនកម្ពុជា​សកលវិទ្យាល័យសុខាភិបាល និងសាលាជាតិ​កសិកម្មព្រែកលាប។

លោកង៉ូវស្រ៊ុនបានបញ្ជាក់ថា៖ «ធ្វើការជាមួយនឹងលោកវេជ្ជបណ្ឌិត​លូលីឃាងព្រមទាំង​ក្រុមការងារនៅមន្ទីរពេទ្យទាំងមូល នឹងធ្វើឱ្យសមាគមចក្ខុខ្មែរ​អាចផ្តល់ការវះកាត់ជូន​អ្នកជំងឺក្រីក្រនៅកម្ពុជា​កាន់តែច្រើន»

លោកបន្ថែមថា៖ «អគារចក្ខុថ្មីរបស់មន្ទីរពេទ្យអង្គឌួងនិងធនធានមន្ទីរ​ពេទ្យនឹងអនុញ្ញាត​ឱ្យក្រុមការងារសមាគម​ផ្តល់ការវះកាត់​ភ្នែកបានច្រើនជាង​៥ពាន់ករណី។

ពិធីចុះអនុស្សារណៈនេះ ត្រូវបានមើលឃើញថាជាជំហ៊ាន​ដ៏សំខាន់មួយឆ្ពោះទៅរកទិសដៅកាត់​បន្ថយជំងឺភ្នែកឡើង​បាយនៅប្រទេសកម្ពុជា។

លោកង៉ូវស្រ៊ុនបន្តថា៖ «នេះគឺជាជំហានដ៏ធំមួយឆ្ពោះទៅកាន់​គោលដៅរបស់​យើងដែលនឹងផ្តល់ការវះកាត់អ្នកជំងឺ​ភ្នែកចំនួន១ម៉ឺន​ករណីក្នុង​ឆ្នាំ២០១៧»។សមាគមចក្ខុខ្មែរ នឹងរៀបចំកម្មវិធីវះកាត់​ចំនួន២៤សប្តាហ៍ដោយមានការចូលរួមពីវេជ្ជបណ្ឌិត​ជំនាញនិងសហការីស្ម័គ្រចិត្ត​មកពីប្រទសអូស្ត្រាលី អង់គ្លេស អាល្លឺម៉ង់ ប្រ៊ុយណេ និងអ៊ីតាលី ជាដើម។

គួរកត់សំគាល់ថា ប្រជាជនកម្ពុជាប្រមាណ១៨ម៉ឺននាក់ ដែលគេដឹងថាងងឹតភ្នែកហើយ​ភាគច្រើនបំផុតនៃអ្នកទាំងនោះគឺ​ជាអ្នកក្រីក្រដែលមិនអាច​ប្រកបការងារដើម្បី​ចិញ្ចឹមជីវិតខ្លួនឯង និងក្រុមគ្រួសារបានឡើយ។

បើតាមការសិក្សាស្រាវជ្រាវស្ត្រីគឺជាអ្នក​ដែលមានជំងឺភ្នែកឡើង​បាយច្រើនជាងបុរស​ទ្វេដង ដែលនឹងប៉ះពាល់យ៉ាង​ធំធេងចំពោះកម្ពុជា។ តែយ៉ាងណាក៏ដោយអ្នក​ជំនាញផ្នែកភ្នែក​បានអះអាង​ថា៩០ភាគរយនៃអ្នកជំងឺ​ងងឹតភ្នែកទាំង​អស់អាច​បញ្ចៀសបាន៕