(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជន បានបន្តក្រើនរំលឹកទៅដល់ថ្នាក់​ដឹកនាំសមាគមអតីតយុទ្ធជន​ឲ្យយកចិត្តទុកដាក់លើក​កម្ពស់​ជីវភាព​របស់អតីយុទ្ធជន និងត្រូវខិតខំដោះស្រាយរាល់បញ្ហាប្រឈមរបស់អតីតយុទ្ធជនឲ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។

ការថ្លែងជំរុញរបស់នាយឧត្តមសេនីយ៍ គន់ គីម បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជន ដើម្បីបូកសរុបលទ្ធផល​ការងាឆ្នាំ​២០១៦ និងលើទិសដៅបន្តឆ្នាំ២០១៧ របស់សមាគមអតីតយុទ្ធជននាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០១៧។

ក្នុងកិច្ចប្រជុំនោះនាយឧត្តមសេនីយ៍ គន់ គីម បានវាយតម្លែខ្ពស់ចំពោះលទ្ធផលការងារ ដែលសមាគមសម្រេចបានក្នុងឆ្នាំ២០១៦ កន្លងទៅ ហើយបានសម្តែង​ការកោត​សរសើរចំពោះសមាគម ដែលបានពុះពារការលំបាក រួមសាមគ្គី សហការគ្នា បំពេញការងារយ៉ាងមមាញឹក ធ្វើឲ្យសកម្មភាពសមាគមមានការប្រែប្រួលជាងមុន រួមចំណែក​យ៉ាងសំខាន់ដល់ការអនុវត្តន៍គោលនយោបាយជាតិ ចំពោះអតីតយុទ្ធជនផង និងបង្ហាញសាធារណជនមើលឃើញកាន់តែច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុង​យកចិត្តទុកដាក់ជាពិសេស ចំពោះអតីតយុទ្ធជនកម្ពុជា។

អតីតយុទ្ធជនត្រូវបានចាត់ទុកជាអ្នកមានស្នាដៃដ៏ធំធេងសម្រាប់បុព្វហេតុជាតិមាតុភូមិក្នុងរំដោះប្រទេសចេញពីភ្លើងសង្រ្គាម និងសាងសុខសន្តិភាពជូនជាតិ​មាតុភូមិ​មកដល់​ពេលបច្ចុប្បន្ននេះ។ ពេញមួយឆ្នាំ២០១៦ នាយឧត្តមសេនីយ៍ គន់ គីម និងថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនដទៃទៀត ត្រូវបានគេមើលឃើញថា បានធ្វើដំណើរយ៉ាង​សស្រាក់​សស្រាំចុះ​ទៅជួបជាមួយអតីតយុទ្ធជននៅទូទាំងប្រទេស ដើម្បីបានយល់ច្បាស់ពីបញ្ហាជីវភាព និងទុក្ខលំបាកកំពុងជួបប្រទះ ហើយបញ្ហាជាច្រើនត្រូវ​បានដោះ​ស្រាយជូនអតីតយុទ្ធជនផងដែរ។

តាមរយៈនៃការចុះជួបសួរសុខទុក្ខជាបន្តបន្ទាប់នោះ បានធ្វើឲ្យអតីតយុទ្ធជនជាសមាជិក​សមាគមនៅគ្រប់កន្លែង​មានការសប្បាយរីករាយ និងការគាំទ្រលើការ​ដឹកនាំរបស់សមាគម​ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន។

តែទោះបីជាយ៉ាងណាក្នុងកិច្ចប្រជុំនេះ អគ្គលេខាធិការសមាគមអតីតយុទ្ធជន នាយឧត្តមសេនីយ៍ គន់ គីម បានស្នើឲ្យសមាគមអតីតយុទ្ធជនគ្រប់ថ្នាក់ ខិតខំបន្តចុះជួបស្វែង​យល់សុខទុក្ខ និងជីវភាព អតីតយុទ្ធជនតាមគ្រួសារនីមួយៗ ហើយរិះរកគ្រប់លទ្ធភាពជួយដោះស្រាយទុក្ខកង្វល់អតីតយុទ្ធជនឲ្យបានទាន់ពេលវេលា។

នាយឧត្តមសេនីយ៍ គន់ គីម ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំស្ថាប័ន អាជីវករ ក្រុមហ៊ុន និងសប្បុរសជននានា សូមមេត្តាជួយឧបត្ថម្ភទាំងសម្ភារៈ និង ថវិកា ដល់ អតីត យុទ្ធជន ក្រីក្រ ដើម្បីលើកកំពស់ជីវភាព និងកំពុងត្រូវការចាំបាច់នូវជម្រកស្នាក់នៅ។

នាយឧត្តមសេនីយ៍ គន់ គីម បានបញ្ជាក់ថា ជាទូទៅការបើកផ្តល់ប្រាក់មរណសង្រ្គោះមានដំណើការល្អ និងទាន់ពេលវេលា ដោយមិនទុកឲ្យមានការជំពាក់​ប្រាក់សព​ដូចមុន​ឡើយ។ ជាក់ស្តែងក្នុងឆ្នាំ២០១៦នេះ សមាគមបានបើកផ្តល់ជូនសមាជិក ដែលមរណភាពបាន ១,៥៧៣សព ក្នុងនេះថវិកាសមាគមចំនួន ១,២២៧សព ថវិកាសម្តេច​តេជោចំនួន ៣០០សព និងថវិកាសប្បុរសជនចំនួន ៤៦សព។  សមាគម ក៏បានផ្តល់ឲ្យខេត្តមួយចំនួនខ្ចីថវិកាពី ២០ ទៅ ៤០លានរៀល សម្រាប់ត្រៀមបើកជូនគ្រួសារសព ដែលស្លាប់លើសការកំណត់ប្រមាណពី ៥ ទៅ ១០សព ផងដែរ។

សូមបញ្ជាក់ថា តាមរយៈនៃការធ្វើបច្ចុប្បន្នភាពកន្លងទៅ សមាគមបានរកឃើញអតីតយុទ្ធជនទ័លលំបាកចំនួន ៣,៨៥២គ្រួសារ ក្រីក្រចំនួន ៣៤,៤៦៣គ្រួសារ ក្នុងនេះ​អ្នកដែល​មានដី គ្មានផ្ទះ ឬ មានផ្ទះ មិនសមរម្យ  ៣,៩០០គ្រួសារ និងអ្នកដែលគ្មានទាំងដី ទាំងផ្ទះ  ចំនួន ៤,៥៦៣គ្រួសារ ។

មកដល់ពេលនេះ  តាមសំណើរបស់នាយឧត្តមសេនីយ៍ គន់ គីម សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន បានសម្រេច សាងសង់ផ្ទះជូនអតីតយុទ្ធជនក្រីក្រ ចំនួន ៣១៣ខ្នង។ ក្នុងនោះនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍តេជោ ៣១៧ភ្នំឆ័ត្រ ចំនួន ១៥០ខ្នង និងនៅតាមរាជធានី ខេត្តបានចំនួន ១៦៣ខ្នង៕