(ភ្នំពេញ)៖ អគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា លោក William A. Heidt បានអះអាងថា គិតរហូតដល់ពេលនេះបំណុលកម្ពុជាជំពាក់ សហរដ្ឋអាមេរិក មានរហូតដល់ជិត ៥០០លានដុល្លារ ហើយថា សហរដ្ឋអាមេរិក មិនដែលពិចារណាក្នុងការលុបបំណុលនេះនោះទេ។ ប៉ុន្តែ​លោក​ថា សហរដ្ឋអាមេរិក លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ចរចា​ដើម្បី​​ដោះស្រាយ​បញ្ហា​បំណុល។ ទោះបីយ៉ាងណានាយករដ្ឋមន្រ្តីកម្ពុជា បានហៅបំណុលដែលជំពាក់ អាមេរិកនេះជាបំណុលកខ្វក់។  

លោក វីល្លៀម ហៃដ្ដ ត្រូវបានដកស្រង់សម្តីដោយវិទ្យុអាស៊ីសេរី ដែលគាំទ្រដោយសហរដ្ឋអាមេរិកថា «តាំង​ពី​លោក​បាន​មក​ធ្វើ​ការ​នៅ​ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា នៅ​ទសវត្សរ៍​ឆ្នាំ​៩០មក ការ​លុបចោល​បំណុល​ដែល​កម្ពុជាជំពាក់​សហរដ្ឋអាមេរិក មិន​មែន​ជា​ប្រធានបទ​ដែល​សហរដ្ឋអាមេរិក ដាក់​លើ​តុ​ដើម្បី​ពិភាក្សា​នោះ​ទេ ប៉ុន្តែ​លោក​ថា សហរដ្ឋអាមេរិកលើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ចរចា ​ដើម្បី​ឈាន​ដល់​ការ​ដោះស្រាយ​បញ្ហា​បំណុល​នេះ»

លោក William A. Heidt បានអះអាងបែបនេះ នៅក្នុងជំនួបតុមូលជាមួយអ្នកសារព័ត៌មានមួយចំនួន នៅស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ ម្សិលមិញនេះ។ លោក វីល្លៀម ហៃដ្ដ បញ្ជាក់​បន្ថែមថា «នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​៩០ ចំនួន​បំណុល​ដែល​កម្ពុជា ជំពាក់​សហរដ្ឋអាមេរិក ក្នុង​សម័យ​សាធារណរដ្ឋ​ខ្មែរ​មិន​ដល់ ២០០​លាន​ដុល្លារ​នោះ​ទេ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ បំណុល​នេះ​បាន​កើន​ដល់​ជិត ៥០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ទៅ​ហើយ»

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា បំណុលដែលកម្ពុជាជំពាក់ សហរដ្ឋអាមេរិក គឺជាបំណុលដែលរដ្ឋាភិបាល របបសាធារណរដ្ឋ លន់ នល់ ខ្ចីទិញអាវុធយុទ្ធភ័ណ្ឌ ធ្វើសង្គ្រាមនៅកម្ពុជា ដែលស្មើនឹងតម្លៃគ្រាប់បែក ២លាន៥សែនតោន ទំលាក់ពីលើយន្តហោះសម្លាប់ប្រជាជនខ្មែរ រាប់សែននាក់ ដូច្នេះបើអាមេរិកនៅតែរក្សាបំណុលនេះ ហើយទាមទារ ឲ្យកម្ពុជាសងនោះ វាកាន់តែធ្វើឲ្យឈឺចាប់ខ្លាំងថែមទៀតដល់ប្រជាជនខ្មែរ មិនអាចបំភ្លេចបានឡើយ។

កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ អំឡុងពេលចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសម្តងទៀត ដោយបាន​ស្នើ​ជា​ថ្មី​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក លុប​បំណុល​ដល់​កម្ពុជា ដែល​អាមេរិកផ្តល់​ឲ្យ​រដ្ឋាភិបាល​លោក​សេនា​ប្រមុខ លន់ នល់ ចន្លោះ​ពី​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥ ព្រោះជាបំណុលកខ្វក់។

នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា កាលណោះអាមេរិកគឺជាអ្នកជំរុញឱ្យមានរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ នៅក្នុងប្រទេសកម្ពុជា ដែលរដ្ឋប្រហារនេះ បានបង្កើតសង្រ្គាមនៅក្នុងប្រទេសកម្ពុជា និងបង្កើតខ្មែរក្រហម ទើបមានវិនាសកម្មធ្ងន់ធ្ងរដល់ប្រទេសកម្ពុជា ដូច្នេះសហរដ្ឋអាមេរិកត្រូវតែ​ប៉ះប៉ូវ​សងដល់​កម្ពុជាវិញ តាមរយៈការលុបបំណុលសម្រាប់សងដល់វិនាសកម្មនេះ។

អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា​ (CMAC) លោក ហេង រតនា ដែលជាអ្នកដឹកនាំប្រតិបត្តិការដោះមីន នៅកម្ពុជា បានថ្លែងប្រាប់ អង្គភាពព័ត៌មាន Fresh News កាលពីពេលថ្មីៗនេះថា អាមេរិកបានទម្លាក់គ្រាប់បែកនៅកម្ពុជា ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ហើយទិន្នន័យ ដែលត្រូវបានឯកភាពដោយ ប្រធានាធិបតី Bill Clinton នៅឆ្នាំ២០០០ បញ្ចេញជាឯកសារចំហរថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជា ២លាន៨សែនតោន និងគ្រាប់បែកគីមីផងដែរ ពីថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៦៥ ដល់១៩៧៣ ក្រោមលេសថា​ តាមកំទេចពួកយៀកកុង​ យួនឈ្លានពាន​ ប៉ុន្តែស្លាប់តែខែ្មរជាង ៥០០,០០០នាក់់ ​សម្លាប់ដោយផ្ទាល់ និងកំទេចតែភូមិ ផ្ទះសម្បែងខែ្មររាប់ម៉ឺន​កន្លែង៕