(ភ្នំពេញ)៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News មុននេះបន្តិចថា នៅពេលនេះ (ម៉ោង៣៖២០នាទីរសៀល) លោក គឹម សុខ អ្នកវិភាគនយោបាយ ត្រូវបានតុលាការសម្រេចដីកាឃុំខ្លួនជាបណ្តោះអាសន្នហើយ បន្ទាប់ពីព្រះរាជអាជ្ញារង សៀង សុខ បានសម្រេចចោទប្រកាន់លោក គឹម សុខ ចំនួន២បទល្មើសគឺបទ «ញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ ជាសាធារណៈ»។
សម្តេចតេជោ ហ៊ុន សែន តាមរយៈលោក គី តិច មេធាវីការពារក្តី បានដាក់ពាក្យប្តឹងលោក គឹម សុខ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅ បន្ទាប់ពីលោក គឹម សុខ និយាយចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា ជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី ដោយមិនមានមូលដ្ឋាន។ ករណីនេះទាមទារសំណងជំងឺចិត្ត ៥០ម៉ឺនដុល្លារពីលោក គឹម សុខ។ បណ្តឹងមួយករណីទៀត ប្តឹងលោក គឹម សុខ បានចោទរាជរដ្ឋាភិបាលកម្ពុជា រៀបចំប្រព័ន្ធមួយដើម្បីសម្លាប់មនុស្ស ហើយរកមុខឃាតកមិនឃើញ។ ទាមទារប្រាក់សំណង១០លានរៀល៕