(សៀមរាប)៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅវេលាម៉ោង១៨៖២០នាទីល្ងាចថ្ងៃសៅរ៍នេះ ព្រះមហាក្សត្រ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ បានយាងដល់ព្រះទីលានជល់ដំរី ដើម្បីសម្ពោធការចាក់បញ្ចាំងភាពយន្ត «មុនដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ» ដែលផលិតដោយលោកស្រី Angelina Jolie នៅខេត្តសៀមរាប។ ខ្សែភាពយន្តនេះ និយាយអំពីរឿងរ៉ាវមួយចំនួនពាក់ព័ន្ធសម័យខ្មែរក្រហម។
នៅក្នុងកម្មវិធីចាក់បញ្ចាំងខ្សែភាពយន្តនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំខេត្តសៀមរាប, រដ្ឋមន្រ្តីមួយចំនួន ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
ខ្សែភាពយន្តបែបប្រវត្តិសាស្ត្រ រឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ដែលរំឭកអំពីប្រវត្តិដ៏ជូរចត់នៃរបបវាលពិឃាតដឹកនាំ ផលិតដោយលោកស្រី Angelina Jolie ជាតារានិងជាផលិតករដ៏ល្បីរបស់ Hollywood នឹងត្រូវចាក់បញ្ចាំងជាលើកដំបូងបង្អស់នៅលើវាលស្មៅ នៃព្រះលានជល់ដំរី ខេត្តសៀមរាប រយៈពេល២ថ្ងៃ នាល្ងាចថ្ងៃទី១៨-១៩ ខែកុម្ភៈ ឆ្នាំ២០១៧។
ខ្សែភាពយន្តនេះ ត្រូវបានថតនៅក្នុងទីតាំងសំខាន់ៗជាប្រវត្តិសាស្ត្រចំនួន២គឺ ខេត្តសៀមរាប និងខេត្តបាត់ដំបង ជាពិសេសតំបន់រមណីយដ្ឋានអង្គរ ក៏ជាផ្នែកមួយដ៏សំខាន់ដែលខ្សែភាពយន្តបានផ្តិតយកទិដ្ឋភាពជាប្រវត្តិសាស្ត្រមួយចំនួនធំ។ ដូចនេះហើយបានជាផលិតករភាពយន្ត សម្រេចចិត្តជ្រើសរើសយករមណីយដ្ឋានអង្គរជាទីតាំងចាក់បញ្ចាំងមុនដំបូងបំផុត ដែលជាពិធីសម្ពោធផ្លូវការមុន នឹងខ្សែភាពយន្តនេះចាក់បញ្ចាំង នៅរោងភាពយន្តផ្សេងៗទៀត។
Facebook ផ្លូវការរបស់កំពូលតារាហូលីវូដ Angelina Jolie បានបញ្ជាក់ពីកាលបរិច្ឆេទ នៃការបញ្ចាំងភាពយន្តរឿង «មុនដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ»៖ ការដាក់បញ្ចាំងលើកទី១ នៅខេត្តសៀមរាប ទឹកដីអង្គរ ចាប់ពីម៉ោង៦ល្ងាច នាថ្ងៃទី១៨-១៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។ ការដាក់បញ្ចាំងលើកទី២ មានពីរទីតាំងដែរ ក្នុងនោះទីតាំងទី១ គឺនៅ Indoor Arena និងនៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីម៉ោង៦ល្ងាច នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់មហាជន និងតារាសម្ដែងខ្មែរក្នុងរឿងនេះ ដែលត្រូវបាននាង Angelina Jolie អញ្ជើញដោយផ្ទាល់។ ការដាក់បញ្ចាំងលើកទី៣ គឺនៅក្នុងខេត្តបាត់ដំបង នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ៕