(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ បានបើកសវនាការក្នុងសំណុំរឿង មិនបំពេញកតព្វកិច្ច ចំពោះឧបករណ៍ដែលអាចជួញដូរបាន (ចេញសែកស្អុយ) ទៅលើបុរសម្នាក់ ពាក់ព័ន្ធពឹងឲ្យមន្រ្តីយោធារត់ការឲ្យ ដើម្បីចង់បាន​ងារជាឧកញ៉ា តែចុងក្រោយមិនព្រមឲ្យលុយ ទើបជនរងគ្រោះជាអ្នករត់ការនោះ ប្តឹងទៅសមត្ថកិច្ចចុះទៅចាប់ខ្លួនតែម្តង។

បន្ទាប់ពីបើកសវនាការរួចមក លោក កោ វណ្ណឌី ប្រធានក្រុមប្រឹក្សាជំនុំជំរះ បានលើកពេលទៅប្រកាសសាលក្រមនៅថ្ងៃទី៧ ខែមិនា ឆ្នាំ២០១៧ខាងមុខ។

មន្រ្តីតុលាការបានឲ្យដឹងថា ជនសង្ស័យឈ្មោះ រិន បូរ៉ា អាយុ៣៧ឆ្នាំ រីឯជនរងគ្រោះដែលរត់ការរកងារ​ជាឧកញ៉ាឲ្យនោះ​មានឈ្មោះ ហេង សុខ​ ជាមន្រ្តីយោធា។ លោក ហេង សុខ ជាដើមបណ្តឹង បានថ្លែងប្រាប់តុលាការថា នៅអំឡុងខែមេសា និងឧសភា ឆ្នាំ២០១៥ លោកបានស្គាល់ឈ្មោះ រិន បូរ៉ា តាមរយៈក្រឡា​បញ្​ជីតុលាការម្នាក់ ដែលណែនាំឲ្យស្គាល់។ ពេលនោះឈ្មោះ រិន បូរ៉ា មានលុយ ហើយចង់បានងារជាឧកញ៉ាដើម្បីងាយរកស៊ី។ បន្ទាប់មក លោកបានណែនាំពីរ​បៀប​ដែលត្រូវទទួលងារជាឧកញ៉ាត្រូវធ្វើអ្វីខ្លះ?

ក្រោយមក លោក រិន បូរ៉ា បានពឹងពាក់ឲ្យលោកជួយរត់ការ យកងារជាឧកញ៉ាដោយចំណាយ​ប្រាក់អស់ត្រឹមតែ៣ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ។ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៥ លោកបានយកលិខិតដែលចេញពីខុទ្ទការល័យសម្ដេចធម្មពោធិសាល ជា​​ ស៊ីម ដែលស្នើសុំគោរម្យងារឧកញ៉ាឲ្យឈ្មោះ រិន បូរ៉ា មកឲ្យសាម៉ីខ្លួន បានមើលឃើញពីការងារនេះ។ ពេលនោះឈ្មោះ រិ បូរ៉ា បានស៊ីញ៉េសែកមួយសន្លឹកប្រគល់មកចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៥ ហើយបញ្ជាក់ប្រាប់ថា ​ទាល់តែថ្ងៃទី២៤ ​ខែឧសភា ឆ្នាំ២០១៥ ទើបអាចបើកប្រាក់បាននៅធនាគារ CIMB។

ជនជាប់ចោទបានឆ្លើយថា ខ្លួនពិតជាបានស៊ីញ៉េសែកឲ្យលោក ហេង សុខ មែនតែសែកនោះអត់មានលុយទេ ព្រោះគាត់បាន​ឲ្យ​បុគ្គលិកទៅដកលុយអស់ហើយ ដោយសារសង្ស័យថា លិខិតដែលលោក ហេង សុខ យកមកឲ្យមើយអាច​ជាលិខិតក្លែង​ក្លាយ។

លោក ហេង សុខ បានថ្លែងទៀតថា ក្រោយមកនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥ ព្រះរាជក្រឹត្យបានចេញ និងតែងតាំងលោក រិន បូរ៉ា ជាឧកញ៉ា ហើយឯកសារដើមមានតម្កល់នៅគណៈរដ្ឋមន្ត្រី ហើយលោកយកតែឯកសារថតចម្លងមកឲ្យលោក រិន បូរ៉ា មើលប៉ុណ្ណោះ ហើយបើចង់មើលឯកសារដើមអាចសុំមកគណៈរដ្ឋមន្ត្រីបាន ប៉ុន្តែឈ្មោះ រិន បូរ៉ា នៅតែមិនព្រមប្រគល់​លុយ​ឲ្យរហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥ ធនាគារក៏ចេញបញ្ជាក់ម្ដងទៀតថា សែកនោះអត់មានលុយដដែល​ទើបលោកប្ដឹង​សមត្ថកិច្ចអោយចាប់ខ្លួនលោក រិន បូរ៉ា តែម្ដង។

លោកស្រី ស៊ឺ វណ្ណនី តំណាងអយ្យការអមសាលាដំបូង បានធ្វើសេចក្ដីសន្និដ្ឋានតម្កល់ទុកនូវបទចោទលើឈ្មោះ រិន បូរ៉ា តាមមាត្រា២៣១ នៃក្រមព្រហ្មទណ្ឌ និងស្នើឲ្យតុលាការសម្រេចតាមច្បាប់៕