(ស្វាយវៀង)៖ ទីភ្នាកងារសហប្រតិបត្តិការជប៉ុន JICA បានសម្រេចផ្តល់ជំនួយថវិកាប្រមាណ៩លាន ដុល្លាអាមេរិក ដើម្បីសាងសង់ពង្រីកមន្ទីរពេទ្យបង្អែក ខេត្តស្វាយរៀង បន្ថែមទៀត។ មន្ទីរពេទ្យបង្អែកនេះកំពុងដំណើរការសាងសង់ ហើយគ្រោងបញ្ចប់ការសាងសង់ និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅចុងឆ្នាំ២០១៧នេះ។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក កែ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានឲ្យដឹងថា តាមរយៈJICA បានជួយជាជំនួយក្នុងការសាងសង់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ចំនួន៩លានដុល្លារ។ក្រៅពីនោះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានជួយបន្ថែមថវិកា ១០ម៉ឺនដុល្លារ ជួយក្នុងការសំអាតទីលាន តបណ្ដាញទឹក​ជួសជុលអាគារផ្សេងៗ ក្នុងមន្ទីរពេទ្យបង្អែកនេះផងដែរ។

លោក កែ រដ្ឋា បានបន្តថា មន្ទីរពេទ្យបង្អែកនេះ នឹងជួយសម្រួលដល់ប្រជាពលរដ្ឋ ក្នុងការមកព្យាបាល ជំងឺនៅក្នុងមន្ទីរពេទ្យនេះ ។តាមគម្រោងមន្ទីរពេទ្យបង្អែកនេះ គ្រោងនឹងសម្ពោធក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅចុងឆ្នាំ២០១៧។

ជាមួយគ្នានោះដែរ លោក ច័ន្ទ តារា ប្រធានមន្ទីពេទ្យបង្អែកស្វាយរៀង បានបញ្ជាក់ឲ្យដឹងថា លោកនឹងពង្រឹងគុណភាពលើ​មន្ទីរពេទ្យបង្អែកនេះ ឲ្យបានប្រសើរជាងមុនដោយកាត់បន្ថយកុំឲ្យប្រជាពលរដ្ឋទៅព្យាបាល នៅមន្ទីរពេទ្យថ្នាក់ជាតិ ឬក្រៅប្រទេសជាដើម។ លោកបន្តថា លោកនឹងបង្កើតការព្យាបាលផ្សេងៗទៀត និងអប់រំ បណ្ដុះបណ្ដាលជំនាញសីលធម៌​របស់គ្រូពេទ្យ និងពង្រឹងកិច្ច សហប្រតិបត្តិការជាមួយដៃគូ ពាក់ព័ន្ធជាច្រើន ដើម្បីជួយព្យាបាលប្រជាពលរដ្ឋ។

លោក កែ រដ្ឋា បានបន្ថែមថា គម្រោងរបស់ JICA ជួយសាងសង់មន្ទីរពេទ្យស្វាយរៀង ដោយJICA សម្លឹងឃើញថា ខេត្តស្វាយរៀងមានចំនួនប្រជាពលរដ្ឋកើនឡើង អ្នកជំងឺកើនឡើង មន្ទីរពេទ្យ ខ្វះខាត់សំភារៈបរិការផ្គត់ផ្គង ហើយអគារមានស្ថានភាពទ្រុឌទ្រោមជាពិសេស ដើម្បីជួយព្យាបាលប្រជាពលរដ្ឋខេត្តព្រៃវែង និងកំពង់ចាម ។

គួរបញ្ជាក់ថា មន្ទីរពេទ្យបង្អែកស្វាយរៀងនេះ បានសាងសង់ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ ដោយសាងសង់ពីបេតុងអាម៉េបូក និងជញ្ចាំងឥដ្ឋ មានជាល់ផ្ទាលដី ជាន់ទី ១ ទី២ មានបន្ទប់កាំរស្មី បន្ទប់អេកូ បន្ទប់វាស់បេះដូង ឱសថស្ថាន បន្ទប់សង្រ្គោះបន្ទាន់ បន្ទប់តាមដានជំងឺ និងបន្ទប់ពិគ្រោះជំងឺជាដើម៕