(កណ្តាល)៖ ដោយសារតែទ្រាំលែងបាន និងអស់ជំនឿទៅលើអាជ្ញាធរ​នោះ ប្រជាពលរដ្ឋជាច្រើននាក់ នៅភូមិព្រែកតាព្រំ ឃុំកំពង់អុស ស្រុពញាឮ ខេត្តកណ្តាល បាននាំគ្នាចុះទៅឡោមព័ទ្ធ និងឃាត់ត្រាក់ទ័រ១គ្រឿង របស់ឈ្មួញដែលកំពុងភ្ជួរឈូសឆាយលើដីចំណីទន្លេរបស់រដ្ឋ ប្រគល់ឲ្យអាជ្ញាធរចាត់ការបន្តទៀត។ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ករណីនេះត្រូវបានអាជ្ញាធរបញ្ជូនឡើងតុលាការចាត់ការបន្តទៀត។

ក្រោយពីប្រជាពលរដ្ឋ បានឃើញគ្រឿងចក្រពីរគ្រឿងនេះ កំពុងធ្វើសកម្មភាពនោះ ពួកគាត់ក៏ចុះទៅឃាត់បាន១គ្រឿង និង១គ្រឿងទៀត គេចបាត់ ខណៈប្រជាពលរដ្ឋឃាត់ត្រាក់ទ័រនោះ គេឃើញមានរថយន្តទំនើប២គ្រឿង ជិះទៅទំនងអ្នកមានអំណាច ចង់ទៅអន្តរាគមន៍ ដោយឃើញមានកូនចៅទៅគោរពឡើងត្រង់ជើងផងដែរ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧។

ប្រជាពលរដ្ឋបានលើកឡើងថា នៅចំណុចដីដែលឈ្មួញឈូសឆាយរំលោភយកនេះ គឺជាដីចំណីទន្លេដែលជាសម្បត្តិរដ្ឋ និងជាដីរួមរបស់ប្រជាពលរដ្ឋ នៅក្នុងឃុំកំពង់អុសផងដែរ លុះក្នុងកំឡុង ខែធ្នូ ឆ្នាំ២០១៦ ស្រាប់តែមានអ្នកមានអំណាច ជួលជាងឈ្មោះ ប៊ុន សុផល មកធ្វើរបងព័ទ្ធលើដីនេះ រំលោភយកធ្វើជាកម្មសិទ្ធិ ក្រោយមកប្រជាពលរដ្ឋបាននាំគ្នា ទៅប្តឹង អាជ្ញាធរភូមិ ឃុំរហូតដល់អាជ្ញាធរស្រុក ទើបក្រោយមកខាងសាលាស្រុក បានចេញលិខិតផ្អាក សំណង់របងនោះ ប៉ុន្តែកាលខែមករា ឆ្នាំ២០១៧ ស្រាប់តែមានជាងឈ្មោះ ប៊ុន សុផល ដឹកសម្ភារសំណង់ មកធ្វើរបងព័ទ្ធលើដីនេះម្តងទៀត ទើបពួកគាត់បានប្តឹងអាជ្ញាធារ និងសមត្ថកិច្ចឲ្យចុះទៅផ្អាកសំណង់នោះជាបន្ទាន់។

ក្រោយមក នគរបាល បានចុះទៅដល់រួចបាន ហៅលោក ប៊ុន សុផល មកធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាព ប៉ុន្តែដោយ​មហិច្ចតា​របស់មានអំណាច មានលុយនោះ គឺនៅតែបន្តលួចធ្វើប្រឆាំង និងលិខិតហាមឃាត់ របស់អាជ្ញាធរស្រុក រួម និងកិច្ចសន្យាជាមួយនគរបាលផងដែរ។

ប្រជាពលរដ្ឋបានបន្តថា ដោយពួកគាត់មានក្តីព្រួយបារម្មណ៍ពេក ទើបពួកគាត់បាននាំគ្នា ទៅកាន់មន្ទីររៀបចំដែនដី និងនគររូបនីយកម្ម និងសំណង់ខេត្តកណ្តាល ដើម្បីឲ្យលោកប្រធានមន្ទីរ ជួយទប់ស្កាត់សកម្មភាពរំលោភដីនេះ។ ក្រោយពីលោកប្រធានមន្ទីរពិនិត្យឯកសាររួច លោកប្រធានមន្ទីរ បានចេញលិខិតផ្អាកសំណង់នោះផងដែរ។ ក្រោយមក គេឃើញមានជន១ក្រុម ទៅហែកលិខិតនោះចោល ដោយមិនខ្វល់ពីផ្លូវច្បាប់នោះទេ មិនត្រឹមតែប៉ុណ្ណោះទេគេហាក់បី ដូចជាផ្គើននិងបំរាមនោះទៅវិញ។

ប្រជាជាពលរដ្ឋបានបន្តថា លុះដល់ល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ស្រាប់តែបានឃើញក្រុមឈ្មួញយកត្រាក់ទ័រ២គ្រឿង ទៅឈូសឆាយដីចំណីទន្លេនោះ ប្រជាពលរដ្ឋ បាននាំគ្នាទៅឃាត់បាន១គ្រឿង នាំយកទៅប្រគល់ឲ្យអាជ្ញាធរភូមិ ដើម្បីឲ្យអ្នកនៅពីក្រោយខ្នងចេញមុខមកដោះស្រាយ។

ប្រជាពលរដ្ឋបានបន្តថា ពួកគាត់ការពារដីចំណីទន្លេនេះ គឺគ្រាន់តែចង់ចូលរួមថែរក្សាសម្បត្តិរដ្ឋឲ្យនៅគង់វង្ស ពីក្រុមឈ្មួញ ឬអ្នក មានលុយ មកប្រើល្បិចដើម្បីរំលោភយកដីនេះតែប៉ុណ្ណោះ តែទោះបីជាយ៉ាងណាឈ្មួញ នៅតែខិតខំព្យាយាម ជាបន្តបន្ទាប់ ពី១ល្បិច ទៅ១ល្បិច ឥតឈប់ឈរ ដូច្នេះពួកគាត់កាន់តែមានក្តីបារម្ភ ព្រោះឈ្មួញរំលោភយកដីនេះបាត់ ធ្វើឲ្យប្រជាពលរដ្ឋ ក្នុងភូមិនេះមិនមាត់កំពង់ប្រើប្រាស់ ដូច្នេះហើយពួកគាត់ជាប្រជាពលរដ្ឋ ក្នុងឃុំកំពង់អុសទាំងមូល សំណូមដល់ លោកអភិបាលខេត្តកណ្តាល មេត្តាជួយមានវិធានការទប់ស្កាត់ជាបន្ទាន់ បើមិនដូច្នេះទេ ដីចំណីទន្លេនេះ វាប្រឈម និងបាត់បង់ជាក់ជាមិនខានឡើយ៕