(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅ ក្លឹបរាត្រីយីហោ «Wok» ដែលមានទីតាំងនៅសណ្ឋាគារ ហូលីដេ បាន និងកំពុងបញ្ចេញសម្លេងតន្រ្តីយ៉ាងខ្លាំង ឮញ័ររន្ធត់ធ្វើឲ្យមានការរំខាន ដល់ការសម្រាកពេលយប់របស់ពួកគាត់ ជារៀងរាល់យប់ ទើបពួកគាត់សុំអន្តរាគមន៍ ទៅអាជ្ញាធរ និងមន្រ្តីជំនាញចុះមកណែនាំផង។

ក្លឹបរាត្រីយីហោ «Wok» ដែលកំពុងបង្កផលប៉ះពាល់ដល់ការរស់នៅ របស់ប្រជាពលរដ្ឋខាងលើនេះ មានទីតាំងនៅផ្លូវលេខ៨៤ កែងផ្លូវលេខ៦៥  នៅបរិវេណសណ្ឋាគារ ហូលីដេ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ប្រជាពលរដ្ឋរស់នៅក្បែរក្លឹបមួយនេះ បានសុំឲ្យអង្គភាព Fresh News ចុះផ្សាយផងថា ជារាល់យប់ពួកគាត់ ដេកពួនមិនបានឡើយ ដោយសារតែមានការរំខានយ៉ាងខ្លាំង ពីសម្លេងតន្រី្ត ដែលឮបុកញ័រយ៉ាងខ្លាំង ហើយម្យ៉ាងវិញទៀត ភ្ញៀវដែលជាប្រភេទក្មេងប្រុសស្រី ចូលចិត្តសប្បាយពីផឹកស៊ីរាំរែក ក៏ដូចជាកាលេងថ្នាំញៀនជាដើមនោះ បានមកពពាក់ពពូនគ្នា ដោយអ្នកខ្លះជិះរថយន្តទំនើបៗ មកចូលក្លឹបនោះ លុះពេលពួកគេចេញវិញ បានស្រែកឡូឡាប្រសេកប្រសាចធ្វើឲ្យមានការរំខានរឹតតែខ្លាំងៗឡើង។

ប្រជាពលរដ្ឋបានលើកទៀតថា «នៅពេលព្រឹក នាំគ្នាចេញធ្វើការងារ និងរកស៊ីចិញ្ចិមគ្រួសារសង្ឃឹមថា ពេលយប់បានដេកពួក ដោយសុខសាន្ត តែផ្ទុយទៅវិញ ដេកពួនមិនបានដោយសារតែមានការរំខានព្រោះក្លឹបនេះ បានបើកអាជីវកម្មចាប់ពីម៉ោង២១យប់ រហូតទល់ភ្លឺឯណ្ណោះ»
ប្រជាពលរដ្ឋ សូមទទូចស្នើសុំឲ្យលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ មានវិធានការផង បើមិនដូច្នោះទេ ពួកគាត់ពិតជារស់នៅ ឬដេកពួនមិនបានឡើយព្រោះតែការរំខាននៃក្លឹបមួយនេះជារៀងរាល់យប់៕