(ភ្នំពេញ)៖ ប្រជាពលរដ្ឋរាប់រយគ្រួសារ ដែលរស់នៅសង្កាត់ទៀន ខណ្ឌដង្កោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាល អាជ្ញាធររាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌដង្កោ បន្ទាប់ពីពួកគេបានទទួលផ្លូវបេតុង​សម្រាប់ការធ្វើដំណើរ បន្ថែមទៀត​នៅក្នុងភូមិឋាន។

នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ រួមជាមួយមន្ត្រីរាជការ ខណ្ឌ សង្កាត់ ភូមិ បានចុះសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ និងពិនិត្យគម្រោងស្ថាបនាផ្លូវបេតុងថ្មីមួយខ្សែទៀត ស្ថិតក្នុងភូមិថ្មី សង្កាត់ទៀន ខណ្ឌដង្កោ។  

មន្រ្តីសាលាខណ្ឌដង្កោ បានឲ្យដឹងថា គម្រោងស្ថាបនាផ្លូវបេតុងនេះ មានប្រវែង៣៣០ម៉ែត្រ ទទឹង០៥ម៉ែត្រ ស្ថិតក្រោមគម្រោងថវិការបស់ រដ្ឋបាលខណ្ឌដង្កោ ឆ្នាំ២០១៧។

នៅចំពោះមុខប្រជាពលរដ្ឋនោះ លោកអភិបាលខណ្ឌ ក៏បានលើកឡើងពីការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ នៅទូទាំងប្រទេស ក៏ដូចជា ក្នុងមូលដ្ឋាន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។ ជាក់ស្តែង ផ្លូវបេតុងថ្មីមួយខ្សែទៀត ដែលជាគម្រោងស្ថាបនាឆ្នាំ២០១៧ នេះ ជាស​មិទ្ធផលថ្មីបន្ថែមទៀត ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោកអភិបាល ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាយោគយល់អធ្យាស្រ័យ ចំពោះផលប៉ះពាល់​តិចតួចដែល​បណ្តាលមកពី ការស្ថាបនាផ្លូវថ្មីនេះ ដែលនឹងជួយសម្រួលដល់ការធ្វើដំណើរប្រកបរបរចិញ្ចឹមជីវិតរបស់បងប្អូន និងធ្វើឲ្យមានផាសុកភាព សម្រាប់ការរស់នៅ ប្រចាំថ្ងៃ៕