(ភ្នំពេញ)៖ ក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន ដែលតំណាងឲ្យក្រុមហ៊ុនធំៗ ជាង១០ក្រុមហ៊ុន ដូចជា ក្រុមហ៊ុន Fort ក្រុមហ៊ុន Cocacola, ក្រុមហ៊ុន Micrisoft, ក្រុមហ៊ុនប្រេង Chevron ជាដើម បានបង្ហាញពីជំហររបស់ខ្លួន ក្នុងការបង្កើន និងពង្រីកទំហំវិនិយោគនៅកម្ពុជា ព្រមទាំងបានសន្យាជួយកៀរគរសមាជិករបស់ខ្លួន ឲ្យមកវិនិយោគនៅកម្ពុជាដែរ។

ទន្ទឹមនឹងបំណងចង់ពង្រីកទុនវិនិយោគនេះ តំណាងក្រុមហ៊ុនយក្សជាង ១០ខាងលើ ក៏បានទាមទារនូវលក្ខខណ្ឌការងារល្អផងដែរ ដែលបញ្ហានេះ ត្រូវបានតំណាងរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ប្រាប់ទៅវិញថា លក្ខខណ្ឌការងារនៅកម្ពុជា មានស្ថានភាពល្អប្រសើរជានិច្ច។

ការបញ្ជាក់បែបនេះត្រូវបានលើកឡើងក្នុងជំនួបពិភាក្សារវាង លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោកស្រី សូនីតា កាភូរ ប្រធានគ្រប់គ្រងជាន់ខ្ពស់ នៃក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន នៅទីស្ដីការក្រសួងការងារ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

ក្រោយបញ្ចប់ជំនួបលោករដ្ឋមន្រ្តី អ៉ិត សំហេង បានប្រាប់អ្នកសារព័ត៌មានថា «ក្រុមហ៊ុនអាមេរិកកាន់តែច្រើន បានចាប់អារម្មណ៍ចង់មកវិនិយោគនៅកម្ពុជា ហើយគណៈប្រតិភូ នៃក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន នេះ គឺតំណាងឲ្យក្រុមហ៊ុនជាង៥០០ ជាក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិក»

លោកបានបន្តថា ទៅថ្ងៃមុខទៀត លំហូរវិនិយោគពីសហរដ្ឋអាមេរិកនៅកម្ពុជា នឹងកាន់តែមានច្រើនឡើងៗ ខណៈនៅកម្ពុជាបច្ចុប្បន្ន ក្រុមហ៊ុនសមាជិក នៃក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ានមួយចំនួន កំពុងតែដំណើរការកាងារខ្លះហើយ ដូចជា៖ រោងចក្រកូកាកូឡា, ក្រុមហ៊ុនរថយន្ត Fort, ក្រុមហ៊ុនភេសជ្ជៈ Cocacola, ក្រុមអេឡិចត្រូនិច Micrisoft, ក្រុមហ៊ុនប្រេង Chevron ជាដើម។

លោកបានរំលឹកថា អ្វីដែលជាកាលានុវឌ្ឍភាព នៃកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-អាមេរិក លើផ្នែកពាណិជ្ជកម្មនេះ បានចាប់ដំណើរតាំងពីមានកិច្ចព្រមព្រៀងពាណិជ្ជកម្មដំបូង នៅឆ្នាំ១៩៩៩ មកម៉្លេះ ដោយផ្សាភ្ជាប់ទៅនឹងលក្ខខណ្ឌការងារ ដូចជាការវិនិយោគលើវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង។

លោករដ្ឋមន្រ្តី អ៊ិត សំហេង បានប្រាប់ភាគីអាមេរិកយ៉ាងជឿជាក់ថា «រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងការងារ នៅតែអនុវត្តន៍នូវលក្ខខណ្ឌការងារបានល្អជានិច្ច ធ្វើឲ្យកម្ពុជានៅតែជាប្រទេសមានប្រភពទំនិញស្អាតស្អំ គ្មានអំពើគៀបសង្កត់លើកម្លាំងពលកម្ម និងពលកម្មកុមារ មានសេរីភាពខាងអង្គការវិជ្ជាជីវៈ និងសេរីភាពផ្សេងៗ នេះជាការធានារបស់យើង»

លោករដ្ឋមន្រ្តីបន្ថែមថា កម្ពុជាមានកម្លាំងពលកម្មគ្រប់គ្រាន់ សម្រាប់បំពេញការងារក្នុងប្រទេស ហើយរាជរដ្ឋាភិបាល ក៏កំពុងរៀបចំគោលនយោបាយ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់ប្រជាពលរដ្ឋផងដែរ ដើម្បីបង្កើននូវគុណភាពនៃកម្លាំងពលកម្ម។

ក្រោយទទួលបានការបញ្ជាក់ទាំងនេះហើយ ខាងភាគីអាមេរិកមានការសប្បាយចិត្តយ៉ាងខ្លាំង ដែលកម្ពុជានៅតែអនុវត្តន៍បាន នូវការងារធានាសិទ្ធិសេរីភាពគ្រប់បែបយ៉ាង អនុវត្តន៍លក្ខខណ្ឌការងារបានល្អ ហើយពួកគេបានសន្យាថា នឹងកៀរគរក្រុមហ៊ុនដទៃទៀត ដែលជាសមាជិករបស់ ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ឲ្យមកបណ្ដាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា

សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា-អាមេរិក ពីឆ្នាំ២០១៣ ដល់ ឆ្នាំ២០១៦ មានការកើនឡើងពី ៣០១២.៤លានដុល្លារ ដល់ ៣ ១៧៤.៣លានដុល្លារ ដែលក្នុងនោះ ទំហំនៃការនាំចេញទំនិញពីកម្ពុជាទៅសហរដ្ឋអាមេរិក មានការកើនឡើងពី ២ ៧៧១.២០លានដុល្លារ ដល់ ២ ៨១២.៥លានដុល្លារ៕