(បន្ទាយមានជ័យ)៖ បន្ទាប់ពីហៅមកសួរនាំ និងទទួលយកការដោះស្រាយ ជូនពីសំណាក់អភិបាលក្រុងប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រូន នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្រុមអាជីវករខ្មែរ លក់ដូរនៅផ្សាររុងគ្លឿ បានយល់ព្រមទទួលយក តាមការណែនាំ និងផ្អាកធ្វើការតវ៉ាសិន ករណីសមត្ថកិច្ចចុះចាប់ទំនិញរបស់ពួកគាត់តាមតួបលក់ដូរ។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃនេះ​ ក្រុមអាជីវករខ្មែរប្រមាណ១០០នាក់ បានផ្ទុះការតវ៉ា និងនាំគ្នាឈរយ៉ាងពពាក់ពពូន ពេញផ្លូវក្រោមប្រាសាទកំពូល៣ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយសារតែពួកគេខឹងសម្បារ ការដែលសមត្ថកិច្ច និងមន្រ្តីជំនាញរបស់ថៃ ចុះមកចាប់ទំនិញរបស់ពួកគាត់ នៅក្នុងផ្សាររុងគ្លឿ តាំងពីថ្ងៃទី១៩-២១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដោយចោទថា បានរំលោភកម្មសិទ្ធិបញ្ញា។  

នៅពេលជួបជាមួយក្រុមអាជីវករខ្មែរនោះ អភិបាលក្រុងប៉ោយប៉ែត បានសន្យាថា នឹងជួយដោះស្រាយបញ្ហានេះជូនបងប្អូន ជាមួយភាគីថៃ តែលទ្ធផលយ៉ាងណានោះ គេមិនដឹងតើ ភាគីថៃយល់ព្រមដែរឬទេ។ ជាការកត់សម្គាល់ សមត្ថកិច្ច និងមន្រ្តីជំនាញរបស់ថៃ តែងតែចុះចាប់ទំនិញរបស់បងប្អូន ប្រជាពលរដ្ឋនៅផ្សាររុងគ្លឿ រយៈពេលប៉ុន្មានឆ្នាំមកហើយ ដោយចោទថា​ បានរំលោភកម្មសិទ្ធិបញ្ញា។

បើតាមក្រុមអាជីវករ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ស្អែកនេះ សមត្ថកិច្ច និងមន្រ្តីរបស់ថៃ ប្រហែលចុះចាប់ទំនិញទៀត៕