(ភ្នំពេញ)៖ បន្ទាប់ពីបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ព្រឹទ្ធសភា បានសម្រេចប្រគល់ សេចក្តីស្នើវិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយ ជូនគណៈកម្មការ៦ គឺគណៈកម្មការនីតិកម្ម ដើម្បីពិនិត្យ និងសិក្សា។ នេះបើតាមការឱ្យដឹងពី លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា ដែលបានថ្លែងប្រាប់ Fresh News នៅល្ងាចថ្ងៃទី២១ កុម្ភៈនេះ។

លោក ម៉ម ប៊ុននាង បានបញ្ជាក់បន្ថែមថា ការប្រគល់ឱ្យគណៈកម្មការទី៦ ត្រួតពិនិត្យសេចក្តីស្នើវិសោធនកម្មច្បាប់នេះ នឹងមិនឱ្យលើសពី១០ថ្ងៃឡើយ ហើយនឹងត្រូវបញ្ជូនទៅមកគណៈកម្មការអចិន្រ្តៃយ៍ព្រឹទ្ធសភាវិញ ដើម្បីបញ្ចូល​ទៅក្នុងកិច្ច​ប្រជុំពេញអង្គ ពិនិត្យ និងឱ្យយោបល់។

សេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលស្នើដោយតំណាងរាស្រ្ត៦០រូប ត្រូវបានរដ្ឋសភា អនុម័ត​ទាំងស្រុង ដោយសំឡេងសមាជិករដ្ឋសភា៦៦រូប នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បន្ទាប់ពីបើកកិច្ចប្រជុំ​វិសាមញ្ញ​អស់រយៈពេលជិត ២ម៉ោង។

សំណើសុំធ្វើវិសោធនកម្មលើច្បាប់មេះ ត្រូវបានរៀបចំដោយក្រុមតំណាងរាស្រ្ត គណបក្សប្រជាជនកម្ពុជាចំនួន ៦០រូប ហើយបានចូលមកដល់រដ្ឋសភា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។ ការរៀបចំសំណើសុំធ្វើវិសោធនកម្មច្បាប់នេះ បានធ្វើបន្ទាប់ពីមានការលើកឡើង ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំសភាវិសាមញ្ញ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។

មាត្រា១៨ថ្មី នៃសេចក្តីស្នើវិសោធនកម្មច្បាប់នេះ បានកំណត់ដោយសង្កត់ធ្ងន់ថា៖ ប្រធាននិងអនុប្រធាន និងសមាសភាព​នៃគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្រ្តៃយ៍ ឬអង្គការសមមូលនឹងគណៈកម្មការទាំងពីរនេះ មិនត្រូវជា​បុគ្គល​ដែលជាទណ្ឌិតជាប់ទោសដាក់ពន្ធនាគារពីបទឧក្រិដ្ឋ ឬបទមជ្ឈម ដោយគ្មានការព្យួរទោសឡើយ។

សូមបញ្ជាក់ថា ច្បាប់ ស្តីពីគណបក្សនយោបាយនេះ ត្រូវបានកែសម្រួលជាថ្មីរហូតដល់២២មាត្រា ក្នុងចំណោម៥០មាត្រា ដែលបានដាក់ឱ្យ អនុវត្តជាង២០ឆ្នាំកន្លងមក៕