(ក្រចេះ)៖ មន្រ្តីនគរបាលម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់ នៅនិងកន្លែងកើតហេតុ ខណៈដែលជនរងគ្រោះ ឡើងចងខ្សែនៅប៉ាណូដី​សម្បទានមួយកន្លែង នៅចំណុចឃុំចំបក ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។

នគរបាលប៉ុស្ដិ៍ចំបក់ បានឲ្យដឹងថា ជនរងគ្រោះខាងលើនេះ បានត្រូវខ្សែភ្លើងឆក់ស្លាប់ បណ្ដាលមកពីឡើងលើផ្លាក​ប៉ាណូដីសម្បទានសង្គមកិច្ច ចងដែកដែលធ្លាក់រហែក ហើយជនរងគ្រោះ ឃើញដែកទីបដែលជាប់លើប៉ាណូ ក៏លើកទាញបំរុងទំលាក់ចុះមកក្រោម តែត្រូវប៉ះខ្សែកាបបណ្ដាលជនរងគ្រោះ ឆក់ធ្លាក់មកដីស្លាប់តែម្ដង។

លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលចំបក់ បានបញ្ជាក់ថែមទៀតថា ជនរងគ្រោះជាមន្រ្តីនគរបាលប៉ុស្តិ៍ចំបក ដែលត្រូវភ្លើងឆក់​ស្លាប់នោះ ឈ្មោះ ឈី ចាប អាយុ៤៨ឆ្នាំ​ រស់នៅឃុំបំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ បច្ចុប្បន្នសពជនរងគ្រោះ​ប្រគល់ក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕