(ហ្សឺណែវ)៖ នៅទីបំផុតប្រទេសកម្ពុជា បានក្លាយជាប្រធានផ្លូវការ នៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) ដែលមានសមាជិក​ចំនួន៣៦ និងប្រទេសសង្កេតការណ៍ចំនួន៨ សម្រាប់អណត្តិដែលមានរយៈពេល១ឆ្នាំ គិតចាប់ពីពាក់កណ្តាល ខែកុម្ភៈ ឆ្នាំ២០១៧ ដល់ពាក់កណ្តាល ខែកុម្ភៈ ឆ្នាំ២០១៨។

ពិធីផ្ទេរតំណែងផ្លូវការ បានធ្វើឡើងនៅអង្គការពាណិជ្ជកម្មពិភពលោក ប្រទេសស្វីស កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។

នៅក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានទទួលញញួរឈើ ពីលោក ឡាហ្សារ៍ ម៉ូរី ស៊ូអៀតូ (Lazare Maurice Sethoueto) រដ្ឋមន្រ្តីឧស្សាហកម្ម ពាណិជ្ជកម្ម និងសិប្បកម្មប្រទេសបេនីន ជានិមិត្តរូបនៃការចូល​កាន់តំណែងប្រធានផ្លូវការ ក្រោមការចូលរួមជាសាក្សីតំណាងក្រុម LDCs ចំនួន៣៣ប្រទេស។

លោក ប៉ាន សូរស័ក្តិ បានលើកយកនូវសមិទ្ធផលសំខាន់ៗ ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន ដូចជាការរក្សាបាន​កំណើន​សេដ្ឋកិច្ចយ៉ាងតិច ៧% ជាងពីរទសវត្ស និងការកាត់បន្ថយភាពក្រក្រីមកនៅត្រឹម ១៣.៥% នៅក្នុងឆ្នាំ២០១៦ ដែលជា​បច្ច័យរួមចំណែកធ្វើឲ្យកម្ពុជា សម្រេចបាននូវគោលដៅសហសវត្ស កាលពីឆ្នាំ ២០០៩។

លោករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ ពីការចែករំលែកបទពិសោធន៍របស់កម្ពុជា ជាមួយប្រទេស LDCs ដូចជាទីម័រខាងកើត និងអេត្យូពីរ ព្រមទាំងបញ្ហាប្រឈមមួយចំនួននៅ WTO ដែលតម្រូវឲ្យមានការចូលរួមសហការ ពីបណ្តាប្រទេស LDCs ជាសមាជិក។

លោក ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា «យើងត្រូវតែធ្វើការទាក់ទងយ៉ាងសកម្ម និងត្រូវខិតខំប្រឹងប្រែងទ្វេដង ដូច្នេះអត្ថ​ប្រយោជន៍របស់យើង ត្រូវបានដាក់ចេញ។ ដើម្បីសម្រេចគោលដៅអទិភាពរបស់យើង ប្រទេស LDCs ទាំងអស់ ត្រូវតែរួបរួមគ្នា និងបង្កើតជា សម្លេងតែមួយ»

ជាមួយគ្នានេះ លោក ឡាហ្សារ៍ ម៉ូរី ស៊ូអៀតូ ដែលជាអតីតប្រធានសម្របសម្រួល ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ឆ្នាំ២០១៦ បានបង្ហាញថា កិច្ចការដែលកម្ពុជា ត្រូវធ្វើបន្តពីប្រទសបេនីនមានដូចជា៖

១៖ ដាក់ជូនផែនការអទិភាពរបស់ LDCs ក្រោយកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៅប្រទេសណៃរ៉ូប៊ី ទៅក្នុងសន្និសីទរដ្ឋមន្រ្តី WTO ដែលនឹងធ្វើឡើងនៅទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន។

២៖ បញ្ចូលសំណើប្រទេស LDCs ស្តីពីគោលការណ៍ឧបត្ថម្ភធនលើវិស័យជលផល និងការមិនកំណត់ចំនួននាំចូល-មិនយកពន្ធនាំចូល។

៣៖ ចរចាមានភាពទន់ភ្លន់សម្រាប់វិស័យពាណិជ្ជកម្ម និងសេវាកម្ម។

៤៖ ពិភាក្សាលើការអនុគ្រោះវិធានប្រភពដើមទំនិញ និងពាណិជ្ជកម្មអឡិចត្រូនិច។ល៕