(រតនគិរី)៖ ទេសរដ្ឋមន្ដ្រី លី ធុជ អគ្គលេខាធិការអាជ្ញាធរមីន បានស្នើឲ្យសហរដ្ឋអាមេរិក ជួយបោសសម្អាតគ្រាប់បែកចង្កោម នៅភូមិចាអ៊ុងចាន់ ឃុំចាអ៊ុងចាន់ ស្រុកអូរជុំ ខេត្តរតនគិរី ដែលកាកសំណល់សង្គ្រាម​អាមេរិក បានធ្វើមកលើប្រទេសកម្ពុជា ឲ្យបានឆាប់បំផុត។

ការស្នើបែបនេះ ត្រូវបានធ្វើឡើង នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុងឱកាសលោកទេសរដ្ឋមន្ដ្រីបានដឹកនាំក្រុម ការងារ ចុះពិនិត្យកន្លែង ផ្ទុះគ្រាប់បែកចង្កោម ដោយមានការចូលរួមពី ប្រធាន ភីម៉ាក់ ម៉ាពូ ប្រតិបត្តិករអន្តរជាតិ MAG និង NPA។

ក្រុមការងារដឹកនាំដោយ លោកទេសរដ្ឋមន្រ្តី លី ធុជ បានពិនិត្យឃើញថា នៅតំបន់នោះ ពិតជាតំបន់មួយដែលរងគ្រោះ ដោយសារគ្រាប់បែកចង្កោមរបស់សហរដ្ឋអាមេរិកយ៉ាងច្រើនមែន ហើយគ្រាប់ប្រភេទនេះ នៅតែបន្តធ្វើឲ្យមាន គ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់អាយុ ជីវិត ប្រជាពលរដ្ឋស្លូតត្រង់។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់រងគ្រោះទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន ជាពិសេស មិនត្រូវរើស ឬកាន់របស់ដែល​មិនស្គាល់ ហើយមិនត្រូវចូលកន្លែងដែលមាន ដាក់សញ្ញាគ្រោះថ្នាក់ ជាដាច់ខាត។

ជាងនេះទៅទៀត លោក បានស្នើសុំឲ្យប្រតិបត្តិករ NPA និង MAG ធ្វើការសិក្សា និងរៀបចំគម្រោងសំណើបោសសម្អាត គ្រាប់បែកចង្កោម នៅតំបន់ភូមិភាគឦសាន ដើម្បីអាជ្ញាធរមីន រៀបចំសម្របសម្រួលកិច្ចប្រជុំរវាងប្រតិបត្តិករ NPA និង MAG ជាមួយរដ្ឋទូតសហរដ្ឋអាមេរិក ដើម្បីសុំឲ្យអាមេរិកជួយសម្អាតកាកសំណល់សង្គ្រាម ដែលអាមេរិកបានធ្វើមកលើ ប្រទេសកម្ពុជា ឲ្យបានឆាប់បំផុត៕