(ភ្នំពេញ)៖ ព្រះសង្ឃបានធ្វើការស្នើសុំឲ្យ អាជ្ញាធររាជធានីភ្នំពេញ លុបបំបាត់ការតាំងប៉ាណូ ផ្សាយពាណិជ្ជកម្មស្រាបៀរ ជាសាធារណៈ និងការធ្វើកាតឲ្យព្រះសង្ឃ ដើម្បីបិណ្ឌបាត្រ នៅតាមទីប្រជុំជននានា។

ការស្នើសុំបិណ្ឌបាត្ររបស់ព្រះសង្ឃនេះ ធ្វើឡើងនៅក្នុងពិធី បិទសន្និបាតមន្ដ្រីសង្ឃ រាជធានី និងផ្សព្វផ្សាយខ្លឹមសារ អនុសំវច្ឆរៈ មហាសន្និបាតសង្ឃទូទាំងប្រទេស លើកទី២៥ ដែលបានធ្វើឡើងកាលពីរសៀល ថ្ងៃទី២១ កុម្ភៈ ឆ្នា២០១៧ នៅសាលមហោស្របចេនឡា សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ក្រោមវត្តមាន  លោកប៉ា សុជាតិវង្ស អភិបាល រាជធានីភ្នំពេញ។

ព្រះសង្ឃដែលគង់នៅវត្តនាគវ័នបានមានសង្ឃដីកាថា នៅក្នុងរាជធានីភ្នំពេញមាន ប៉ាណូធំៗ នៅតាមដងផ្លូវដើម្បី ដាក់ផ្សាយ ពាណិជ្ជកម្មស្រាបៀរ ដែលបង្ហាញឲ្យឃើញពីការជំរុញ ប្រជាពលរដ្ឋផឹកស្រាកាន់តែច្រើន ស្របពេលព្រះពុទ្ធ សាសនាបានហាមមិនឲ្យ មនុស្សសេពសុរានោះ។

លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ៖ វិស័យព្រះពុទ្ធសាសនា និងអាណាចក្រ ជាកូនភ្លោះ និងគ្នាដើរ ទន្ទឹមគ្នា បើវិស័យ អាណាចក្រ រីកចម្រើន វិស័យពុទ្ធចក្រក៏រីកចម្រើនដែរ ។ តែយើង ក៏មិនភ្លេច អ្នកដែល រុញនាវាកម្ពុជាយើង ឲ្យទទួល បានការរីកចម្រើន លើគ្រប់វិស័យ រហូតដល់សព្វថ្ងៃនេះដែរ ។

ក្នុងឱកាសនោះ លោក ប៉ា  សុជាតិវង្ស  បានសំណូមពរ ឲ្យវត្ដអារាមនីមួយៗ ត្រូវ ចូលរួម ជាមួយរាជរដ្ឋាភិបាល  នូវគោលនយោបាយ  ភូមិ-ឃុំ  មានសុវត្ថិភាព៕