(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី១ រហូតដល់ ថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០១៧នេះ កម្លាំងនគរបាលរបស់លោក បានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀន បានចំនួន៤៧៧ ករណី ដោយឃាត់ខ្លួនជនសង្ស័យចំនួន១៣១៥នាក់ ព្រមទាំងដកហូតថ្នាំញៀន និងវត្ថុតាងបានយ៉ាងច្រើនផងដែរ។

បើតាមនាយឧត្តមសេនីយ៍ស្នងការ សម្រាប់បទល្មើសគ្រឿងញៀនដែលបង្ក្រាបបាននេះ មានការជួញដូរគ្រឿងញៀន មានចំនួន២៣២ករ​ណី ដោយឃាត់ជនសង្ស័យ៤៨០​នាក់។ ដោយឡែកការប្រើប្រាស់គ្រឿងញៀន២៤៥ករណី ដោយឃាត់ខ្លួនជនសង្ស័យ ៨៣៥នាក់។

នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានថ្លែងបន្តទៀតថា សម្រាប់ការបង្ក្រាបបទល្មើស​គ្រឿងញៀន​ប្រចាំ​​​ថ្ងៃ​ទី២១ ខែកុម្ភ: ឆ្នាំ២០១៧នេះ កម្លាំងនគរបាលរបស់លោក បានបង្ក្រាបបានចំនួន១១ករណី ដោយឃាត់ខ្លួនជនសង្ស័យ២៤នាក់ក្នុងនោះ ការជួញដូរគ្រឿងញៀនមានចំនួន៥ករណី ដោយឃាត់ជនសង្ស័យ៥​​នាក់ និងការប្រើប្រាស់គ្រឿងញៀនចំនួន៦ករណី ឃាត់ជនសង្ស័យ១៤នាក់។

នាយឧត្តមសេនីយ៍ស្នងការ បានបញ្ជាទៅកម្លាំងនគរបាលជំនាញ សហការជាមួយកម្លាំងនគរបាលទាំង១២ខណ្ឌ បន្តប្រតិបត្តិការនេះ កាន់តែខ្លាំងឡើង ដើម្បីកាត់បន្ថយ និងលុបបំបាត់ បទល្មើសគ្រឿងញៀន នៅរាជធានីភ្នំពេញ តាមបទបញ្ជារបស់ថ្នាក់ដឹកនាំ។

សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀន ខុសច្បាប់លើកទី១ រយៈពេល៦ខែ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ​ដើម្បីប្រយុទ្ធ ប្រឆាំងគ្រឿងញៀននៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លា និងទទួល បាន លទ្ធផល ល្អឡើងថែមទៀត។ យុទ្ធនាការប្រយុទ្ធ ប្រឆាំងគ្រឿងញៀននេះ ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន និងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀនជាអនុប្រធាន៕