(ភ្នំពេញ)៖ ជនជាតិចិនប្រុសស្រីបួននាក់ ស្រវឹងស្រាជោគ បើករថយន្តស៊េរីទំនើប ម៉ាក Bentley ​ស្លាកលេខភ្នំពេញ 2AX-3333ទៅបុករៈពីក្រោយរថយន្ត១គ្រឿង និងម៉ូតូ១គ្រឿង បណ្ដាលឲ្យមនុស្សរងបួសធ្ងន់ និងស្រាល៥នាក់ ខណៈដែលរថយន្តបង្ក និងក៏ដូចជារថយន្ត និងម៉ូតូ ដែលរងនូវការបុករះ ខូចខាតស្ទើរតែទាំងស្រុង។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង១៖៤០នាទីរំលងអាធ្រាត្រ ឈានចូថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយ ផ្លូវនរោត្តម ត្រង់ចំណុចវិទ្យាល័យចតុមុខ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។

តាមសំដីសន្តិសុខ ដែលយាមនៅជិតកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលបុកគេឃើញ ជនជាតិចិនប្រុសស្រីបួននាក់ ស្រវឹងស្រាជោគ បើករថយន្តស៊េរីទំនើបខាងលើ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ប្រដេញគ្នាជាមួយរថយន្តមួយគ្រឿងទៀត មិនចាំម៉ាក ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុករះរថយន្ត និងម៉ូតូ ដែលបើកស្របទិសគ្នា ពីក្រោយពេញទំហឹង បន្តទៅបុកម៉ូតូដែលជិះ ដោយនារីពីរនាក់បណ្តាលឲ្យរងរបួសធ្ងន់។

មនុស្សរងរបួសទាំងអស់ ត្រូវបានរថយន្តសង្គ្រោះរបស់គ្លីនិកឯកជន ដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយមន្ត្រីជំនាញ ចុះមកវាស់វែង និងស្ទួចយករថយន្តទាំង២ និងម៉ូតូ ទៅការិយាល័យចរាចរណ៍ផ្លូវគោក ស្នងការដ្ឋាន រាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់៕