(ភ្នំពេញ)៖ លោក ប៊ុនញ៉ាំង វរជិត (Bounnhang Vorachith) ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតឡាវ បានដឹកនាំគណៈប្រតិភូ មកដល់ប្រទេសកម្ពុជាហើយ ដើម្បីធ្វើទស្សនកិច្ចផ្លូវរដ្ឋ រយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី២២ និងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។ យន្តហោះរបស់លោកប្រធានាធិបតី បានចូលចតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅវេលាម៉ោង៨៖៣៥នាទីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និងលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន កំពុងទទួលបដិសណ្ឋាកិច្ចស្វាគមន៍ចំពោះការមកដល់របស់ប្រធានាធីបតី និងគណៈប្រតិភូឡាវ។

បន្ទាប់ពីជួបធ្វើបដិសណ្ឋារកិច្ចរួចរាល់ដោយមន្រ្តីជាន់ខ្ពស់កម្ពុជា, លោក ប៊ុនញ៉ាំង វរជិត នឹងចាកចេញពីព្រលានយន្តហោះក្រុងភ្នំពេញ ទៅកាន់សណ្ឋាគារសូហ្វីតែល នៅម៉ោង៩៖១៥នាទីព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧។

នៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ នាថ្ងៃដំបូងនេះ លោកប្រធានាធិបតីឡាវ នឹងចូលគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅព្រះបរមរាជវាំង នៅម៉ោង១០៖៣០នាទីព្រឹក។ បន្ទាប់មកលោកនឹងទៅកាន់វិមានឯករាជ្យ ដើម្បីបំពាក់កម្រងផ្កា និង ទៅកាន់ស្តូបព្រះបរមរតនកោដ្ឋ ដើម្បីគោរពព្រះវិញ្ញាណក្ខន្ធផងដែរ។

ភារកិច្ចបន្ទាប់ គឺលោកប្រធានាធិបតីឡាវ នឹងជួបពិភាក្សាការងារជាមួយសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា នៅម៉ោង២៖២០នាទីរសៀល, ជួបសម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភាម៉ោង២៖៥៥នាទីរសៀល និងជួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព នាម៉ោង៣៖៣០នាទីរសៀល៕