(ភ្នំពេញ)៖ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំង នគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានបន្តយុទ្ធនាការចុះត្រួតពិនិត្យការរស់នៅ និងធ្វើការរបស់ជនជាតិវៀតណាម នៅខណ្ឌឬស្សីកែវ។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបញ្ជាក់ថា ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅផ្លូវជាតិលេខ៥ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដោយបានពិនិត្យទៅលើជនជាតិវៀតណាមចំនួន៤៤នាក់ ក្នុងនោះស្រីចំនួន១០នាក់ តែមានឯកសារស្នាក់នៅត្រឹមត្រូវចំនួន១៩នាក់ ស្រី០៣នាក់។

បើតាមលោកឧត្តមសេនីយ៍ ចំពោះជនជាតិវៀតណាម គ្មានឯកសារស្នាក់នៅ​ត្រឹមត្រូវមានចំនួន២៥នាក់ ក្នុងនោះស្រី៧នាក់ ដែលពួកគេបានលួចឆ្លងដែន ស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ។ សម្រាប់ពួកគេទាំង២៥នាក់ ត្រូវបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់៕