(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានបើកប្រតិបត្តិការ និងចេញជួយអន្តរាគមន៍ទប់ស្កាត់ អំពើហិង្សាដោយចេតនា ពីសំណាក់ក្រុមកម្មកររបស់ក្រុមហ៊ុនប្រមូលសំរាម ស៊ិនទ្រី រហូតមានការចាប់ខ្លួនចំនួន១២នាក់ បន្ទាប់ពីពួកគេបានទៅវាយជនរងគ្រោះម្នាក់ ដែលមិនមានកំហុសទាល់តែសោះ ពោលគឺជាការយល់ច្រឡំថា ជនរងគ្រោះជាបក្ខពួករបស់មនុស្សមួយក្រុមទៀត ដែលមានជម្លោះជាមួយពួកគេ។

អំពើហិង្សាដែលបង្កអសន្តិសុខសង្គមខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចខាងកើតផ្សារត្រពាំងថ្លឹង តាមបណ្តោយផ្លូវវេងស្រេង ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះ សន មិថុនា អាយុ២២ឆ្នាំ មុខរបរកម្មករលើកកាតុងតាមរោងចក្រ ស្នាក់នៅភូមិកើតហេតុខាងលើ មានប្រពន្ធឈ្មោះ ចាន់ ស្រីលិន អាយុ២៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ។

នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានបញ្ជាក់ថា តាមការសួរនាំ គឺមុនដំបូង កម្មករប្រមូលសំរាម បានដើរប្រមូលសំរាមនៅតាមបណ្តោយផ្លូវវេងស្រេង ខណះមកដល់ចំណុចផ្សារត្រពាំងថ្លឹង កំពុងប្រមូលសំរាម ក៏បានប៉ះពាក្យសំដីជាមួយសន្តិសុខ ដែលយាមផ្សារកំពុងអង្គុយផឹកស៊ី។

បន្ទាប់ពីប៉ះពាក្យសម្តីគ្នារួចមក ក៏បង្កហិង្សាដាក់ទៅវិញទៅមក ចំណែកជនរងគ្រោះ នៅអង្គុយរង់ចាំឡានដឹកកាតុងរោងចក្រមកដឹក នៅក្បែរកន្លែងដែរ គេកំពុងឈ្លោះគ្នា។ ជនរងគ្រោះឃើញគេឈ្លោះគ្នាក៏រត់ចេញ ហើយក្រុមកម្មករស៊ិនទ្រីស្មានតែ បក្ខពួកក្រុមខាងសន្តិសុខផ្សារ ក៏នាំគ្នាវាយបណ្តាលបែកចិញ្ចើម និងប៉ោងភ្នែកខាងស្តាំ។

ពេលនោះសមត្ថកិច្ចរបស់លោក កំពុងតែល្បាតបានឃើញពួកកម្មករក្រុមហ៊ុន ស៊ិនទ្រី ក៏រត់គេចខ្លួន ហើយសមត្ថកិច្ចក៏បាននាំជនរងគ្រោះ ទៅមន្ទីរពេទ្យដេរមុខរបួស។ ក្រោយមកទៀត ក្រុមកម្មករ ស៊ិនទ្រី បានហៅបក្ខពួកមក២ឡានទៀត សរុបចំនួន១២នាក់ មកព្រួតគ្នាវាយមកលើជនរងគ្រោះជាលើកទី២ ខណះដែលជនរងគ្រោះទើប និងដើរចេញពីមន្ទីរពេទ្យដេររបួសទើបរួច ក៏ផ្អើលដល់សមត្ថកិច្ចកម្លាំងអន្តរាគមន៍ ដែលល្បាតទៅដល់ទាន់ និងបានបង្ក្រាបក្រុមទាំងនោះបានទាំងអស់គ្នា១២នាក់តែម្តង។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានសាច់ញាតិ ដឹកតាមម៉ូតូទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯជនបង្កទាំង១២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួន ទៅកាន់ផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕