(ភ្នំពេញ)​៖ តុលាការ​បាន​ប្រកាស​សាលក្រម​ផ្តន្ទា​ទោស​​មេខ្លោង​គ្រឿងញៀន​ ថាវ​ ថាវី​ ដាក់​ពន្ធនាគារ​ចំនួន២០ឆ្នាំ​ និង​ចេញ​ដីកា​បង្គាប់​ឲ្យ​សមត្ថកិច្ចតាមចាប់​ខ្លួន​ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ជាង​កន្លះ​គីឡូក្រាម​ ព្រមទាំងសកម្មភាពជួញ​ដូរគ្រឿង​ញៀន​ផ្សេងៗទៀត។​

កន្លង​ទៅ​មេខ្លោង​គ្រឿងញៀន​ ថាវ​​ ថាវី​ ធ្លាប់​ត្រូវ​បាន​លោក​ អាំង​ មាលតី​ អតីត​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បញ្ជា​ឲ្យ​ដោះលែង​ រួច​ត្រូវ​បាន​ចាប់​មក​វិញ​ តែ​ក្រោយ​មក​ទៀត​ ត្រូវ​តុលាការ​ផ្តន្ទា​ទោស​តម្រឹម​ដោះលែង​វិញ​ដដែល​។

អនុប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​លោក​ កោ​ វណ្ឌី​ នៅ​ព្រឹក​ថ្ងៃ​ទី​២២​ ខែ​កុម្ភៈ​ ឆ្នាំ២០១៧នេះ ប្រកាស​សាលក្រម​ផ្តន្ទា​ទោស​ ជនជាប់ចោទ​ឈ្មោះ​ ចាន់​ សុភ័ក្ត្រ​ និង​ឈ្មោះ​ យ៉ាំង​ លាង​ ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ២០ឆ្នាំ ​និង​ពិន័យ​ជា​ប្រាក់​ចំនួន​៤០លាន​រៀល​។​ ក្នុង​នោះ​លោក​ចៅក្រម​ កោ​ វណ្ឌី​ ក៏​បាន​ផ្តន្ទា​ទោស​ឈ្មោះ​ ថាវ​ ថាវី​​ ដាក់​ពន្ធនាគារ​២០ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​៤០លាន​រៀល​ផងដែរ​ ហើយ​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​ឈ្មោះ​ ថាវ​ ថាវី​ យក​មក​អនុវត្ត​ទោស​តាម​ច្បាប់​។

មន្រ្តីជាន់ខ្ពស់ម្នាក់ នៅមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានលួចបង្ហើបថា បច្ចុប្បន្ននេះ មេខ្លោងគ្រឿងញៀន ថាវ ថាវី ក៏បាន និងកំពុងធ្វើសកម្មភាព ប៉ាវផ្តាច់ចែកចាយគ្រឿងញៀន នៅតំបន់ត្រពាំងឈូក ខណ្ឌសែនសុខផងដែរ តាមរយៈការប្រើ​បក្ខពួក និងដៃជើងរបស់គេ តែសមត្ថកិច្ចមិនដែលចាប់បាននោះឡើយ៕