(ស្វាយរៀង)៖ មន្ត្រីកងរាជអាវុហត្ថខេត្តស្វាយរៀង ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធ​ហត្ថខេត្ត ទទួលការងារយុត្តិធម៌ លោកវរសេនីយ៍ឯក តូច សាវឿន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងាក​សាង​កំលាំង និងលោកអនុសេនីយ៍ឯក កែវ ធី មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកស្វាយជ្រំ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ បានចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយស្ដីពីផលប៉ះពាល់គ្រោះថ្នាក់នៃគ្រឿងញៀន ជូនដល់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅនៅវិទ្យាល័យពោធិធំ ស្ថិតក្នុងភូមិល្វា ឃុំគ្រួស ស្រុកស្វាយជ្រំ។

នៅក្នុងពិធីនេះក៏មានការសហការពីលោក តែម ស៊ីវន នាយសាលាវិទ្យាល័យពោធិធំ និងមានការចូលរួមពីសំណាក់ លោកគ្រូ អ្នកគ្រូសរុបចំនួន៥៤នាក់ ស្រីចំនួន១៥នាក់ និងសិស្សានុសិស្ស សរុបចំនួន១.២២៩នាក់ ក្នុងនោះស្រីចំនួន៦៣៤នាក់។

សម្រាប់បញ្ហាគ្រឿងញៀននេះ រាជរដ្ឋាភិបាលបានបង្កើតយុទ្ធនាការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ ដែលមានរយៈពេល៦ខែ ឆ្នាំ២០១៧នេះ ដោយកម្លាំងសមត្ថកិច្ច​ និងអាជ្ញាធរពាក់ព័ន្ធនានា បានចេញប្រតិបត្តិការគ្រប់រូបភាព ទាំងការបង្ក្រាប និងការផ្សព្វ​ផ្សាយ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា ជនដែលប្រើប្រាស់គ្រឿងញៀន គឺជាជនរងគ្រោះមិន​មានទោស​នោះទេ៕