(ភ្នំពេញ)៖ បន្ទាប់ពីចូលគាល់ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង, បំពាក់កម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធ ស្តូបព្រះបរមរតនកោដ្ឋរួចរាល់នោះ លោក ប៊ុនញ៉ាំង វរជិត (Bounnhang Vorachith) ប្រធានាធីបតី និងគណៈប្រតិភូឡាវ បានត្រឡប់ទៅកាន់សណ្ឋាគារសូហ្វីតែលវិញហើយ នៅវេលាម៉ោង១១៖៣០នាទី ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ហើយលោកនឹងជួបជាមួយថ្នាក់ដឹកនាំកម្ពុជា ជាបន្តបន្ទាប់ទៀត នៅរសៀលនេះ។

លោក ប៊ុនញ៉ាំង វរជិត បានដឹកនាំគណៈប្រតិភូ បានមកប្រទេសកម្ពុជា ដើម្បីធ្វើទស្សនកិច្ចផ្លូវរដ្ឋ រយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី២២ និងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។ យន្តហោះរបស់លោកប្រធានាធិបតី បានចូលចតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅវេលាម៉ោង៨៖៣៥នាទីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

ខណៈដែល ប្រធានាធិបតីឡាវ ប៊ុនញ៉ាំង វរជិត មកដល់ប្រទេសកម្ពុជា សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និង លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជួបទទួលបដិសណ្ឋាកិច្ចស្វាគមន៍ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

នៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ នាថ្ងៃដំបូងនេះ លោកប្រធានាធិបតីឡាវ ចូលគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅព្រះបរមរាជវាំង នៅម៉ោង១០៖៣០នាទីព្រឹក។ បន្ទាប់មកលោកទៅកាន់វិមានឯករាជ្យ ដើម្បីបំពាក់កម្រងផ្កា និង ទៅកាន់ស្តូបព្រះបរមរតនកោដ្ឋ ដើម្បីគោរពព្រះវិញ្ញាណក្ខន្ធផងដែរ។

ភារកិច្ចបន្ទាប់ គឺលោកប្រធានាធិបតីឡាវ នឹងជួបពិភាក្សាការងារជាមួយសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា នៅម៉ោង២៖២០នាទីរសៀល, ជួបសម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភាម៉ោង២៖៥៥នាទីរសៀល និងជួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព នាម៉ោង៣៖៣០នាទីរសៀល៕