(ភ្នំពេញ)៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ក្រោយជួបគ្រោះថ្នាក់បុកជាមួយរថយន្តធំដឹកឥដ្ឋ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតបណ្តោយផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3C-2352 រីឯម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AL-1623។

ស្រ្តីរងគ្រោះឈ្មោះ ឡុង សែន អាយុ៤០ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍ជ័យ រាជធានីភ្នំពេញ និងមានស្រុកកំណើត ភូមិកងតាណឹង ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។

មុនពេលកើតហេតុ គេឃើញម៉ូតូខាងលើ ជិះគ្នាបីនាក់ មានស្រី២នាក់ និងប្រុសជាអ្នកឌុប ធ្វើដំណើតាមបណ្តោយផ្លូវអង្គតាមិញ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ត្រង់ស្តុបអង្គតាមិញ ក៏បានបើកឡើងផ្លូវ២០០៤ បត់ឆ្វេងសំដៅទៅផ្លូវ សហព័ន្ធរុស្សី តែគ្រាន់តែឡើងផ្លូវ២០០៤បានបន្តិច ក៏ស្រាប់តែរថយន្តខាងលើបើក តាមបណ្តោយផ្លូវ២០០៤ ក្នុងទិសដៅពី លិចទៅកើត បានបុកម៉ូតូពេញទំហឹង បណ្តាលឲ្យស្ត្រីរងគ្រោះដែលជិះនៅខាងក្រោយស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។
ភ្លាមៗនោះ អ្នកបើករថយន្តបានបើកទ្វាររថយន្តចុះគេចខ្លួនបាត់ស្រមោល។ បើតាមការឲ្យដឹងពីប្អូនស្រ្តីជនរងគ្រោះឈ្មោះ ឡុង ផាន់នី បងស្រីរបស់នាងដែលស្លាប់នេះ ជាស្រ្តីមេម៉ាយមានកូនស្រីម្នាក់អាយុ១៦ឆ្នាំផងដែរ។

ក្រោយពីកើតហេតុសពជនរងគ្រោះ ត្រូវបានដឹកមកតម្កល់ទុក នៅវត្តតាំងក្រសាំងខាងត្បូង ដើម្បីរង់ចាំឲ្យសាច់ញាតិយកទៅចាត់ចែង ធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តបង្ក និងម៉ូតូសមត្ថកិច្ចជំនាញយកទៅរក្សាទុក នៅផ្នែកចរាចរណ៍ជើងគោក នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

a