(ព្រះវិហារ)៖ អាជ្ញាធរខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានរៀបចំទិវាជាតិបង្ការ និងពន្លត់អគ្គីភ័យ ដើម្បីជំរុញដល់ប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នកាន់តែខ្លាំងឡើង ចំពោះគ្រោះថ្នាក់សង្គមមួយនេះ។

ពិធីនេះបានធ្វើឡើងក្រោមវត្តមាន លោក គោ ស៊ុប៊ុនសឿត អភិបាលរងខេត្តព្រះវិហារ តំណាងលោអ៊ុន ចាន់ដា អភិបាលខេត្ត ព្រមទាំងមន្ត្រីរាជការ​ កងកម្លាំងប្រដាប់អាវុធទាំង៣ និងប្រជាពលរដ្ឋជាច្រើនផងដែរ។

​យោងតាមច្បាប់ស្តីពីការ​បង្ការ និងពន្លត់អគ្គីភ័យ ដែលបានប្រកាសឲ្យប្រើតាមព្រះរាជក្រម ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៣ ត្រង់មាត្រា១៣ ចែងថា «ថ្ងៃទី២២ ខែកុម្ភៈ ជារៀងរាល់ឆ្នាំ ត្រូវបានកំណត់ជាថ្ងៃប្រារព្វទិវាជាតិ​ បង្ការ និងពន្លត់អគ្គីភ័យ»។

លោក គោ ស៊ុប៊ុនសឿត បានថ្លែងថា ទិវាប្រារព្ធការបង្ការ និងពន្លត់អគ្គីភ័យនេះ ពិតជាមានសារសំខាន់ ក្រៃលែងដែលបានឆ្លុះ​បញ្ចាំង ជូនប្រជាពលរដ្ឋយើងទូទាំងប្រទេស អំពីការខិតខំយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ ក៏ដូចជា បណ្តា​អង្គភាព និងស្ថាប័នពាក់ព័ន្ធ កងកម្លាំងនគរបាលបង្ការ និងពន្លត់អគ្គីភ័យ ដែលបានចូលរួមការពារអាយុជីវិត​ ទ្រព្យសម្បត្តិ​ រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ​រួមចំណែកកាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋ។

លោក គោ ស៊ុប៊ុនសឿត ក៏បានផ្តាំផ្ញើដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នចំពោះករណីគ្រោះអគ្គីភ័យនេះ​។ ជាមួយគ្នានេះ  លោកអភិបាលរងខេត្តក៏បានកោតសរសើរដល់នគរបាលពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្ត ដែលបានខិតខំយកចិត្តទុកដាក់ ក្នុងការចូលរួមជួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះអគ្គីភ័យ បានទាន់ពេលវេលា​  និងបានទស្សនាការបង្ហាញ សកម្មភាពស្តីពីការពន្លត់អគ្គីភ័យផងដែរ៕