(រតនគិរី)៖ មន្ត្រីការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី​ សហការជាមួយអធិការក្រុងបានលុង និងមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្ត​ នាព្រឹកថ្ងៃទី២២​ ខែកុម្ភៈ​ ឆ្នាំ២០១៧​នេះ​ បានបើកយុទ្ធនាការ «១១១១ មួកសុវត្ថិភាព» ដើម្បីបំពាក់មួកសុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលជិះម៉ូតូគ្មានមួកសុវត្ថិភាព នៅតាមដងផ្លូវមួយចំនួន​ ក្នុងខេត្តរតនគិរី។

លោក​វរៈសេនីយ៍ឯក​ អ៊ុង​ សុភាព​ ស្នងការរងនគរបាលខេត្តទទួលផែនសណ្តាប់ធ្នាប់​ បានឲ្យដឹងថា​ មួកសុវត្ថិភាពទាំងនេះទទួលបានការឧបត្ថម្ភពីលោក​ ថង​ សាវុន​ អភិបាលខេត្តរតនគិរី​ ហើយយុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងឲ្យប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវចូលរួមគោរពច្បាប់ចរាចរណ៍​ ដោយពាក់មួកសុវត្ថិភាពគ្រប់ពេលបើកបរ​ និងបំផុសស្មារតីឲ្យប្រជាពលរដ្ឋ​ស្រលាញ់មួកសុវត្ថិភាព គឺប្រៀបដូចជាការស្រលាញ់អាយុជីវិតខ្លួនឯង​ និងកាត់បន្ថយបាននូវអត្រាគ្រោះថ្នាក់ចរាចរណ៍​ ។​

មូលហេតុដែលយកលេខ​ ១១១១​ នេះ លោកបញ្ជាក់ថា​ គឺអាជ្ញាធរចង់បង្ហាញថាជីវិតមនុស្សម្នាក់ៗមានតែ១​ ប៉ុណ្នោះ​ ដូចនេះត្រូវតែរក្សាជីវិតឱ្យបានល្អ​ ហើយយុទ្ធនាការនេះ នឹងចុះធ្វើជាបន្តបន្ទាប់ ទាំង៩ ក្រុង-ស្រុក រហូតដល់អស់មួកសុវត្ថិភាព​។ ក្រុមការងារនឹងសិក្សាអំពីលទ្ធផលដើម្បីរកវិធានការបន្ទាប់ទៀត​។

ក្រៅពីការចែកមួកសុវត្ថិភាពនេះ សមត្ថកិច្ចចរាចរណ៍ ក៏បានបិទស្ទីគ័រជូនប្រជាពលរដ្ឋផងដែរ ដោយមានពាក្យស្លោក ថា «ស្រលាញ់មួកសុវត្ថិភាព ដូចស្រលាញ់ជីវិតខ្លួនឯង» ជំនួសដោយការផាកពិន័យ​៕