(ភ្នំពេញ)៖ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស លីមីតធីត ដែលផលិត​ស្រាបៀរកម្ពុជា​​ បានរៀបចំ​សម្ភារៈធ្វើដំណើរ​ជូនលោក អេង ខេង ដែលមានជំងឺមហារីកមាត់ ត្រៀមធ្វើដំណើរ​ទៅព្យាបាលនៅប្រទេស​អូស្រា្តលី នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧។

សម្ភារៈធ្វើដំណើរ​ដែលក្រុមហ៊ុនរៀបចំ​ជូនរួមមាន វ៉ាលីធ្វើដំណើរ អាវរងាអាវ​យឺតដៃវែង មួក និងបំពង់ទឹកក្តៅ។

នាយក​ផ្នែកទំនាក់ទំនង នៃក្រុមហ៊ុនខ្មែរប៊ែវើរីជីស​លោកបណ្ឌិតអ៊ឹម សុធារិទ្ធ​ថ្លែងថា «ក្រុមហ៊ុនតែងតែរួមចំណែកយ៉ាងសកម្ម​ក្នុងសកម្មភាពសប្បុរសធម៌នានា ដូចជាជួយដល់​មន្ទីរពេទ្យ​សាលារៀន និស្សិតក្រីក្រ ជាពិសេស​ក្នុងគ្រាអាសន្នបែបនេះ។ យើងសូមជូនពរ​ឲ្យការវះកាត់នេះ​ទទួលបានជោគជ័យ»

គួរបញ្ជាក់ផងដែរ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស លីមីតធីត​បានឧបត្ថម្ភ​ថវិការសរុប២៥,០០០ដុល្លារ តាមរយៈ​សមាគមន៍ចក្ខុកម្ពុជា​អន្តរជាតិ ដើម្បីបញ្ជួនលោកអេង ខេងទៅ​ធ្វើការ​វះកាត់មាត់នៅប្រទេស​អូស្រ្តាលី៕