(គូឡាឡាំពួរ)៖ ប៉ូលិសម៉ាឡេស៊ី​បាននិយាយថា ខ្លួនកំពុងស្វះស្វែង​ស្នើសុំកិច្ច​សហប្រតិបត្តិការ​ពីទីក្រុង​ព្យុងយ៉ាង ដើម្បីសួរចម្លើយ​មន្ត្រីស្ថានទូត​កូរ៉េខាងជើង​ម្នាក់​នៅក្នុងក្រប​ខ័ណ្ឌនៃការស៊ើប​អង្កេត​លើករណី​ឃាតកម្ម​លោក គីម ជុងណាំ ខណៈជនសង្ស័យ​ជាបុរសម្នាក់​ទៀត ត្រូវបានគេ​ជឿជាក់​ថា​ជាបុគ្គលិក​ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងជើង North Korean airline។ នេះបើ​តាមការ​ចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៧។

ជុំវិញបញ្ហានេះដែរ​ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន មេបញ្ជាការ​ប៉ូលិស លោក Khalid Abu Bakar បានឱ្យដឹងថា បុរសជាជនសង្ស័យ​ទំាងពីរនាក់​ខាងលើ កំពុង​ស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ី​នៅឡើយ ហើយលោក​អះអាងថា​ មន្ត្រីទូតកូរ៉េខាងជើង​ដែលជាប់សង្ស័យនោះ​មានឋានៈជាលេខា​លំដាប់ទី២ នៅស្ថានទូត​កូរ៉េខាងជើង ប្រចាំទីក្រុង​គូឡាឡាំពួរ។

បន្ថែមពីលើនេះ​លោកមេបញ្ជាការប៉ូលិសរូបនេះ ក៏បានបញ្ជាក់ឡើងវិញ​ដែរថា ប៉ូលិសម៉ាឡេស៊ី នៅតែ​ជឿជាក់​ដដែលថា ជនសង្ស័យជាជនជាតិ​កូរ៉េខាងជើង ០៤នាក់ ដែលបាន​ចាកចេញពី​ម៉ាឡេស៊ី កាលពីថ្ងៃទី១៣ ខែកុម្ភៈ ជាថ្ងៃលោក គីម ជុងណាំ ត្រូវគេធ្វើឃាត​បានធ្វើដំណើរទៅដល់ទីក្រុងព្យុង​យ៉ាង ហើយ។ «យើងបានផ្ញើ​លិខិតមួយទៅកាន់​ស្ថានទូត​កូរ៉េខាងជើង ដើម្បីអនុញ្ញាត​ឱ្យយើងសួរចម្លើយ​អ្នកទំាងពីរ​នាក់នេះ។ ដូច្នេះយើង​សង្ឃឹមថាស្ថានទូតកូរ៉េខាងជើង នឹងធ្វើកិច្ច​សហការ​ជាមួយយើង​ក៏ដូចជាអនុញ្ញាត​ឱ្យយើង សួរសម្លើយ​ជនសង្ស័យទំាងពីរ​នាក់​ឱ្យបានឆាប់ បើពុំដូច្នោះទេ​យើងនឹងចាត់​វិធានការបង្ខំឱ្យ​ពួកគេមកជួបយើង»។ នេះបើតាមការ​លើកឡើង​របស់លោក Khalid Abu Bakar។

គួរបញ្ជាក់ថា​នៅថ្ងៃពុធនេះដែរ​អាជ្ញាធរម៉ាឡេស៊ីអះអាងថា ពុំទាន់មាន​ក្រុមគ្រួសារសាច់​ញាតិលោក គីម ជុងណាំ ធ្វើដំណើរ​មកកាន់​ទីក្រុង​គូឡាឡាំពួរ ឬផ្ដល់គំរូ DNA បញ្ជាក់ពី​អត្តសញ្ញាណ​សាកសព​ដូចការ ចុះផ្សាយពី​បណ្ដាប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​នោះទេ។  រីឯកូរ៉េខាងជើង​ជឿថា​សាកសពនេះ មិនមែនជា​លោក គីម ជុងណាំ តែជាបុរស​ម្នាក់មាន​ឈ្មោះថា គីម ចុល៕