(ភ្នំពេញ)៖ សហចៅក្រមស៊ើបអង្កេត អង្គជំនុំជំរះវិសាមញ្ញានៃសាលាក្តីខ្មែរក្រហម(អ.វ.ត.ក) បានប្រកាសសម្រេចចេញដីកា លើកលែងការចោទប្រកាន់ប្រឆាំង អ៉ឹម ចែម នៅក្នុងសំណុំរឿង០០៤/១។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ អ.វ.ត.ក ផ្សព្វផ្សាយឲ្យដឹង នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

យោងតាមសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា សហចៅក្រមស៊ើបអង្កេត បានលើកែងការចោទប្រកាន់សំណុំរឿងនេះ ដោយសារតែតាមរយៈការវាយតម្លៃរបស់សហចៅក្រមស៊ើបអង្កេតលើភស្តុតាង ដែលប្រមូលបាននៅក្នុងអំឡុងពេលស៊ើបសួរ អ៉ឹម ចែម មិនស្ថិតនៅក្រោមយុត្តាធិការបុគ្គលរបស់អ.វ.ត.កឡើយ។

នេះមានន័យថា អ៉ឹម ចែម មិនមែនជាមេដឹកនាំជាន់ខ្ពស់ ឬក៏ជាជនម្នាក់ក្នុងចំណោមមន្រ្តីដែលទទួលខុសត្រូវបំផុត នៅក្នុងរបបខ្មែរក្រហមទេ។

ការលើកលែងការចោទប្រកាន់នេះ ក៏មានន័យថា ជាពាក្យសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីទាំងអស់ ត្រូវបានបដិេសធ។ សហចៅក្រមស៊ើបអង្កេត បានចេញដីកាសម្រេចរឿងនេះក្នុងថ្ងៃតែមួយផងដែរ៕

សូមអានសេចក្តីប្រកាសព័ត៌មានរបស់អ.វ.ត.ក ដែលមានខ្លឹមសារដូចខាងក្រោមនេះ៖​