(បាត់ដំបង)៖ ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបងលោក ហាក់ សុខរិន សហការជាមួយប្រធានមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរខេត្ត ក្រុងបាត់ដំបង កងកម្លាំង បានចុះត្រួតពិនត្យស្វែងរកសារធាតុគីមីហាមឃាត់ និងណែនាំដល់ប្រជាពលរដ្ឋ និងអាជីវករដែលលក់ដូរក្នុងផ្សារ ឲ្យយល់ដឹងពីផលប៉ះពាល់សុខភាព នូវទំនិញម្ហូបអាហារផ្សេងៗ នាល្ងាចថ្ងៃទី២១ និងនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧។

លោក ហាក់ សុខរិន បានបញ្ជាក់ថានេះជាលើកទី១ហើយ ដែលប្រតភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល បានផ្តល់រថយន្តចល័តបំពាក់ដោយឧបករណ៍ទំនើប និងមន្រ្តីបច្ចេកទេសមកជាមួយផង ដែលអាចធ្វើការពិសោធន៍​ឃើញ​ភ្លាមៗ នូវផលិតផល ម្ហូបអាហារទាំងឡាយណាដែលមានដាក់លាយសារធាតុគីមី ឬ គ្មានសារធាតុនោះ។

ជាក់ស្តែង រយៈពេល២ថ្ងៃនេះក្រុមការងារចម្រុះយើងបានចុះត្រួតពិនិត្យ និងធ្វើតេស្ត៍ស្វែងរក​សារធាតុគីមី​ហាមឃាត់​លើផលិតផល បន្លែ ផ្លែឈើ ត្រីសាច់ ស្ករត្នោត គ្រឿងសមុទ្រ ឬទំនិញដែលពាក់ព័ន្ធម្ហូបអាហារប្រចាំថ្ងៃ នៅផ្សារបឹងឈូក និងផ្សារធំបាត់ដំបង (ផ្សារណាត់) ក្នុងក្រុងបាត់ដំបង។

លោក ហាក់ សុខរិន បានបន្តថា ជាលទ្ធផល នៃការត្រួតពិនិត្យ​ស្វែងសារធាតុគីមី​ហាមឃាត់រយៈពេល​២ថ្ងៃនេះ​សរុប៖ មាន៨០គំរូ ( ៨០ប្រភេទ ) ក្នុងនោះនៅផ្សារបឹងឈូក​បានចំនួន៣៤គំរូ និងនៅផ្សារធំបាត់ដំបង (ផ្សារណាត់)មាន៤៦គំរូ គឺពុំមាន​សារធាតុគីមី​ហាមឃាត់​នោះទេ(សារធាតុ formalin និងសារធាតុ morak )។

លោកបានបញ្ជាក់ទៀតថា សារធាតុហាមឃាត់​ទាំងនេះ វាអាច​ធ្វើឲ្យមានការប៉ះពាល់​សុខភាពដល់​ប្រជាពលរដ្ឋ​អ្នកប្រើប្រាស់​គ្រប់ៗគ្នា ដូច្នេះស្ថាប័នជំនាញតែងបានចុះត្រួតពិនិត្យជាប្រចាំនៅគ្រប់ទីផ្សារនានាក្នុងខេត្ត ពិសេសតាមច្រកទ្វារ​ព្រំដែនចំពោះ​អ្នកចូលទំនិញគ្រប់ប្រភេទ។

ជាមួយគ្នានោះដែរ មន្រ្តីជំនាញក៏បានណែនាំ បន្ថែមដល់អាជីវកនិងប្រជាពលរដ្ឋពី​ បញ្ហាផលប៉ះពាល់សុខភាព ព្រមទាំង​បានបិទ​រូបភាព នៅនឹងកន្លែងលក់ផ្ទាល់ជាច្រើនកន្លែង ដើម្បីឲ្យពួកគាត់​បានឃើញ​និងយល់កាន់តែច្បាស់​ពិតប្រាកដជាង​មុន​ផងដែរ។

លោកប្រធានក៏បានសំណូមពរដល់អាជីវករទាំងអស់ ក្នុងផ្សារកុំឲ្យនាំចូលទំនិញខូចគុណភាព ជាពិសេសម្ហូបអាហារ​ដែលហួស​កាលបរិច្ឆេទប្រើប្រាស់ គ្មានផ្លាកសញ្ញា គ្មានសំបកវេចខ្ចប់ ត្រឹមត្រូវខ្វះអនាម័យ។ លោកបានអំពាវនាវដល់​ប្រជាពលរដ្ឋ មុននឹងទិញទំនិញយកទៅបិរភោគឬប្រើប្រាស់​ សូមមេត្តាពិនិត្យមើលទំនិញនោះឲ្យបានម៉ត់ចត់ជាមុនសិន ជៀងវាងប៉ះទំនិញខូចគុណភាព មានសារធាតុគីមី ដែលធ្វើឲ្យប៉ះពាល់សុខភាពដល់អ្នកប្រើប្រាស់ យើងទាំងអស់គ្នា។

គួររំលឹកថា មន្រ្តីសាខាកាំកុងត្រូលខេត្ តដែលជាសមត្ថកិច្ច​ជំនាញបាននិង​កំពុងធ្វើការត្រួតពិនិត្យ​ជាប្រចាំនៅតាម​ផ្សារ​គ្រប់ទីកន្លែង ក៏ដូចជានៅតាមបណ្តាច្រកព្រំដែនកម្ពុជា-ថៃ ហើយបានបញ្ជាដល់​មន្រ្តីកាំកុងត្រូល​ដែលប្រចាំការ​គ្រប់មាត់​ច្រកព្រំដែន ក៏ដូចជាតាមទីផ្សារនានា ទាំងអស់ក្នុងខេត្ត បាត់ដំបង ឲ្យរឹតបន្តឹងបន្ថែមទៀត​ក្នុងការត្រួតពិនិត្យ​នូវទំនិញ​ដែលនាំចូល ពិសេសម្ហូបអាហារ គ្មានអនាម័យនិងខូចគុណភាព ព្រមទាំងបានបន្តចុះធ្វើជាប្រចាំរហូត ទាល់តែអ្នកនាំ​ទំនិញ​ចូលនិងអ្នកប្រើប្រាស់បានយល់ជ្រាបច្បាស់បានគ្រប់ៗគ្នា។

នាឱកាសនោះលោក សៀងឯម វូនស្ហី អភិបាលក្រុងបាត់ដំបង បានធ្វើការផ្តាំផ្ញើដល់អាជីវករ លក់ដូរទំនិញ​នៅផ្សារនានា​ក្នុងក្រុងបាត់ដំបង ត្រូវចូលរួមទាំងអស់គ្នា កុំលក់ទំនិញម្ហូបអាហារ ដែលមានសារធាតុគីមី​ហាមឃាត់​និងដើម្បីចូលរួម​រក្សាអនាម័យ សុខភាព សុវត្តិភាពទាំងអស់គ្នា៕