(ភ្នំពេញ)៖ មន្រ្តីជានខ្ពស់សេដ្ឋកិច្ច កម្ពុជា-ចិន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានចាប់ផ្តើមពិភាក្សា អំពីការរៀបចំផែនការ កិច្ចសហប្រតិបត្តិការទ្វេភាគី នៅក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចផ្លូវសូត្រ និងផ្លូវសូត្រ សមុទ្រសតវត្សទី២១ (ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ - One Belt One Road) រវាងប្រទេសទាំង២។

កិច្ចប្រជុំនេះខាងភាគីកម្ពុជាដឹកនាំដោយ លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានប្រចាំការ នៃគណៈកម្មការរៀបចំផែនការ កិច្ចសហប្រតិបត្តិការទ្វេភាគី នៅក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផ្លូវសូត្រ និងផ្លូវសូត្រសមុទ្រសតវត្សទី២១ រវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។ ខាងភាគីចិនដឹកនាំដោយលោក  XIAO Weiming តំណាងគណៈកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិរបស់ចិន ព្រមទាំងមានការចូលរួមពីតំណាង ក្រសួង ស្ថាប័នពាក់ព័ន្ធ នៃប្រទេសទាំងពីរផងដែរ។

លោក វង្សី វិស្សុត បានលើកឡើងថា «កម្ពុជាបានយកចិត្តទុកដាក់ និងផ្តល់តម្លៃយ៉ាងខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ ទ្វេរភាគី នៅក្នុងក្របខ័ណ្ឌ នៃខ្សែក្រវ៉ាត់មួយ ផ្លូវមួយ រវាងកម្ពុជា-ចិន។ ដូចនេះហើយទើបកម្ពុជាបានបង្ហាញ នូវគោលជំហរគាំទ្រគំនិតផ្តួចផ្តើមនេះ ចាប់តាំងតែពីគំនិតផ្តួចផ្តើមនេះ ត្រូវបានប្រកាសដោយលោក XI Jinping ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមនានិតចិន កាលពីឆ្នាំ២០១៣ កន្លងទៅ ហើយភាគីទាំងពីរ បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពីការរៀបចំចំណុចគោល នៃផែនការកិច្ចសហប្រតិបត្តិការទ្វេរភាគី ដើម្បីរួមគ្នាបង្កើតកិច្ចសហប្រតិបត្តិការ ខ្សែក្រវ៉ាត់មួយ ផ្លូវមួយនេះកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នៅក្នុងអំឡុងទស្សនកិច្ចផ្លូវ រដ្ឋនៅកម្ពុជារបស់លោក ប្រធានាធិបតី XI Jinping»។

លោកបានបន្តទៀតថា កម្ពុជាក៏បានបង្កើតគណៈកម្មការ ខាងភាគីកម្ពុជា ដោយមានទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន ដោយមានការចូលរួមពីតំណាង ក្រសួង ស្ថាប័ន ពាក់ព័ន្ធចំនួន១៥ ដើម្បីរៀបចំផែនការ ខ្សែក្រវ៉ាត់មួយ ផ្លូវមួយនេះឱ្យមាន លក្ខណៈជាយុទ្ធសាស្រ្តប្រទាក់ក្រឡា និងគ្រប់ជ្រុងជ្រោយ ដើម្បីកម្ពុជាអាចទាញយកប្រយោជន៍ ជាអតិបរមា សម្រាប់បម្រើឱ្យសេចក្តីត្រូវការនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ខ្លួននៅក្នុងរយៈពេលមធ្យម និងវែងទៅថ្ងៃមុខ ក៏ដូចជា ដើម្បីបង្ហាញនូវតួនាទីដ៏សំខាន់របស់កម្ពុជា នៅក្នុងក្របខ័ណ្ឌនៃ ខ្សែក្រវ៉ាត់មួយ ផ្លូវមួយនេះ ជាពិសេសនៅក្នុងតំបន់អាស៊ាន។

លោក វង្សី វិស្សុត បានបន្តទៀតថា «កម្ពុជាយល់ថា កិច្ចសហប្រតិបត្តិការទ្វេភាគីរវាង កម្ពុជា-ចិន នៅក្នុងក្របខ័ណ្ឌ នៃខ្សែក្រវ៉ាត់មួយ ផ្លូវមួយនេះ មានចរិត ឈ្នះឈ្នះ ដែលជាការឆ្លុះបញ្ចាំងនូវនិន្នាការ នៃកិច្ចសហប្រតិបត្តិការថ្មី នៅក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ដែលនឹងផ្តល់នូវសារប្រយោជន៍ទាំងសម្រាប់ កម្ពុជា-ចិន និងទាំងសម្រាប់តំបន់ទាំងមូល។ កិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់មួយ ផ្លូវមួយនេះ នឹងដើរតួនាទី ជាក្បាលម៉ាស៊ីនអូសកំណើនសេដ្ឋកិច្ចថ្មី សម្រាប់តំបន់ និងពិភពលោក ដែលនឹងផ្តល់ផលប្រយោជន៍ដល់ចិន និងដល់បណ្តាប្រទេសទាំងឡាយ ដែលពាក់ព័ន្ធ ក្នុងការធ្វើពាណិជ្ជកម្ម និងការវិនិយោគ តាមរយៈការតភ្ជាប់ ដោយហេដ្ឋារចនាសម្ព័ន្ធ ទាំងផ្នែករឹង និងផ្នែកទន់។ ក្នុងន័យនេះ កម្ពុជា-ចិន ត្រូវប្រើប្រាស់នូវយន្តការនេះ ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ ឱ្យបានជាអតិបរិមា»

បន្ទាប់មកពីភាគីទាំងពីរ បានពិភាក្សាលើអត្ថបទ នៃសេចក្តីព្រាងនៃផែនការកិច្ចសហប្រតិបត្តិការ ខ្សែក្រវ៉ាត់មួយផ្លូវមួយ។ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈ និងមតិអំពីទស្សនទាន និងគោលការណ៍សំខាន់ៗ នៃខ្សែក្រវ៉ាត់មួយ ផ្លូវមួយ។ ទន្ទឹមនឹងនេះ ការពិភាក្សាក៏បានផ្តោតទៅលើកិច្ច សហប្រតិបត្តិការ ក្នុងវិស័យអាទិភាពទាំង៧ នៅក្នុងក្របខ័ណ្ឌ ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ដូចជា៖ វិស័យហេដ្ឋារចនាសម័្ពន្ធ, កសិកម្ម, ការកសាងសមត្ថភាព, ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស, វប្បធម៌និងទេសរចណ៍, ហិរញ្ញវត្ថុ និងការពារអេកូបរិស្ថាន ព្រមទាំងអំពីការកំណត់ លក្ខខណ្ឌវិនិច្ឆ័យក្នុងការជ្រើសរើស គម្រោងគន្លឹះនានាផងដែរ ស្របទៅតាម ចក្ខុវិស័យក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅក្នុងរយៈពេលមធ្យម និងរយៈពេលវែង ជាពិសេសផែនការ៥ឆ្នាំ នៃប្រទេសទាំងពីរ។

គួរបញ្ជាក់ដែរថា ស្របទៅតាមប្រតិទិននៃការរៀបចំផែនការនេះ ភាគីទាំងពីរនឹងត្រូវ ដាក់ជូនរដ្ឋាភិបាល នៃប្រទេសទាំងពីរផ្តល់ការអនុម័ត និងចុះហត្ថលេខានៅក្នុងខែឧសភាខាងមុខ៕