(កំពត)៖ ដោយសារតែដំណោះស្រាយដីធ្លីមានការយឺតយ៉ាវ ប្រជាពលរដ្ឋដែលមានជម្លោះដីជាមួយ កងពលទាហានជើងទឹកលេខ៣១ បានលើកគ្នាមកតវ៉ាម្តងទៀត នៅសាលាខេត្តកំពត ដើម្បីឲ្យថ្នាក់ដឹកនាំខេត្ត ជួយពន្លឿនការដោះស្រាយជូនពួកគាត់ ឲ្យបានឆាប់បំផុត។

នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ មានប្រជាពលរដ្ឋប្រមាណ៧៧នាក់ តំណាងឲ្យ៧៧គ្រសារ មកពីឃុំតាកែន ស្រុកឈូក ខេត្តកំពត បានមកជួបជុំគ្នា នៅចំពោះមុខគណ:កម្មាធិការដោះស្រាយដីធ្លីថ្នាក់ខេត្ត ដោយខាងប្រជាពលរដ្ឋ ស្នើឲ្យលោកអភិបាលខេត្តកំពត ជួយពន្លឿន ការរកដំណោះស្រាយទំនាស់ដីធ្លី មួយកន្លែងនៅភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក ខេត្តកំពត រវាងពួកគាត់ និងកងពលលេខ៣១ ដែលឈរជើង នៅស្រែថ្លុង ខេត្តកំពង់ស្ពឺ។

លោក ស្មាន ហ៊ូសេន តំណាងឲ្យប្រជាពលរដ្ឋ បានស្នើឲ្យគណ:កម្មាធិការ ដំណោះស្រាយដីធ្លីថ្នាក់ខេត្ត ជួយពាំនាំឲ្យលោកអភិបាលខេត្តកំពត ធ្វើយ៉ាងណា ពន្លឿនរកដំណោះស្រាយដីធ្លីដែលមានទំនាស់ដ៏រាំរ៉ៃ ជាមួយកងពលលេខ៣១ ជាយូរឆ្នាំមកហើយ ឲ្យបានឆាប់ជូនពួកគាត់ ដែលខិតខំធ្វើទីជំរកតាំងពីឆ្នាំ២០០២មកម្ល៉េះ។

លោក សេន បានបន្តទៀតថា ដោយសារស់នៅមិនសូវមានសុវត្ថិភាព ចំពោះប្រជាជន ដែលមានក្រុមរំខានមកអុកឡុកកន្លែងពួកគាត់ រុករានរស់នៅ ទើបមានប្រជាពលរដ្ឋមួយចំនួន បានចាកចេញទៅធ្វើការ ស៊ីឈ្នួលឲ្យគេ នៅឯខេត្តដ៏ទៃ។

នៅក្នុងជំនួបប្រជាពលរដ្ឋនេះដែរ លោក វិត វឌ្ឍនា នាយកទីចាត់ការអន្តរវិស័យ ជាអ្នកតំណាងឲ្យអាជ្ញាធរដោះស្រាយទំនាស់ដីធ្លីខេត្តកំពត បានទទួលយកសំណូមពរពីប្រជាពលរដ្ឋ ទៅជូនលោកអភិបាលខេត្ត ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ក៏មានប្រជាជនប្រមាណ៤០នាក់ បានមកជួបជុំគ្នា នៅខាងមុខសាលាខេត្តកំពតម្តងរួចមកហើយ ដើម្បីស្នើសុំឲ្យអាជ្ញាធរ ជួយដោះស្រាយបញ្ហាដីធ្លីដែលពួកគាត់បានលើកឡើងថា មានជម្លោះជាមួយកងពលលេខ៣១ តាំងពីឆ្នាំ ២០០៨មកម្ល៉េះ។

ជាការឆ្លើយតបអាជ្ញាធរ បានទទួលយកសំណើ ហើយថា នឹងផ្តល់ដីសម្បទានសង្គមកិច្ចដ៏សមរម្យ ដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងភូមិនេះ បើសិនពលរដ្ឋពិតជាអត់មានដីមែន។ ក្នុងជំនួបចរចាលើកទី១ ថ្នាក់ដឹកនាំខេត្ត បានយល់ព្រមទទួលយកសំណើថា នឹងផ្តល់ដីឲ្យពលរដ្ឋ ប៉ុន្តែពលរដ្ឋត្រូវធ្វើលិខិតស្នាម នៅមូលដ្ឋានភូមិ-ឃុំ ឲ្យត្រឹមត្រូវជាមុនសិន ដើម្បីបញ្ជាក់ថា ខ្លួនពិតជាអ្នកភូមិជ័យសេនាពីមុន ហើយមិនមានដីសម្រាប់ធ្វើលំនៅដ្ឋាន ពិតប្រាកដមែន និងម្យ៉ាងទៀតដើម្បីធានាថា ពួកគាត់មិនបានយកដីទៅលក់ឲ្យគេនោះ៕