(កំពង់ស្ពឺ)៖ យោងលើមាត្រា៩៨ ច្បាប់ស្តីពីព្រៃឈើ បានចែងថា «ត្រូវផ្តន្ទាទោសក្រោមបទល្មើសព្រៃឈើថ្នាក់លេខ២ ដែលត្រូវជាប់ពន្ធនាគារពី១ឆ្នាំទៅ ៥ឆ្នាំ និងត្រូវពិន័យជាទឹកប្រាក់ពី១០លានរៀល ទៅ១០០លានរៀល ហើយរឹបអូសវត្ថុតាងជាសម្បត្តិរដ្ឋផងដែរ»

ចំពោះរឿងរ៉ាវរថយន្ត១គ្រឿងដឹកឈើលើសទម្ងន់ បណ្តាលឲ្យបាក់ស្ពានស្ទឹងកោះស្លា នៅវេលាម៉ោងជិត១ រំលងអាធ្រាត្រឈានចូល​ថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៧ កន្លងទៅនេះ ស្ថិតនៅចំណុចស្ពានស្ទឹងកោះស្លា ស្ថិតក្នុងភូមិស្រកានាគ ឃុំតាកែន ស្រុកឈូក ខេត្តកំពត ដែលឈើទាំងនេះ ត្រូវបានគេដឹងថា ដឹកចេញខេត្តពោធិ៍សាត់ ឆ្លងកាត់ខេត្តកំពង់ស្ពឺនោះ រហូតមកដល់ថ្ងៃនេះ សមត្ថកិច្ចពាក់ព័ន្ធ និងមន្រ្តីតុលាការ មិនទាន់អាចស្វែងរកមុខឃើញជនប្រព្រឹត្ត នៅឡើយទេ។

សមត្ថកិច្ចមួយចំនួនបានលួចបង្ហើបថា «សុំណុំរឿងនេះ ម្ចាស់រថយន្ត និងម្ចាស់ឈើច្បាស់ជារួចខ្លួនហើយ បើសមត្ថកិច្ច និងតុលាការនៅស្ងៀមដែរនោះ»។ បើតាមមន្រ្តីរដ្ឋបាលព្រៃឈើ បានឲ្យដឹងថា រថយន្តដែលដឹកឈើល្មើសច្បាប់ បណ្តាលឲ្យបាក់ស្ពានខាងលើ ម៉ាកហ៊ីយ៉ានដាយ ចំណុះ៨តោន ពាក់ស្លាកលេខភ្នំពេញ 3B-5745។ ដូចនេះវត្ថុតាង មាននៅក្រឡែតមានអីថា រកមិនឃើញជនជាឈ្មួញឈើនោះ មានតែសមត្ថកិច្ចអសមត្ថភាព ឬមានចេតនា មិនស្វែករកការទទួលខុសត្រូវតែម្តង ទើបបានជារកមនុស្សមកទទួលទោសមិនបាន។

មន្រ្តីរដ្ឋបាលព្រៃឈើ បានបញ្ជាក់ថា ឈើល្មើសទាំងនេះមានប្រមាណ១៥ម៉ែត្រគូប ជាប្រភេទឈើធ្ងង់ សុក្រម និងឈើម្រេញ។

នៅពេលមានហេតុការណ៍នេះកើតឡើង គេបានឃើញវត្តមានមន្រ្តីតុលាការ និងសមត្ថកិច្ចពាក់ព័ន្ធ ចុះទៅជួយអន្តរាគមន៍ ហើយបានដឹកជញ្ជូនឈើល្មើសទាំងអស់ និងរកវិធីនាំយករថយន្តល្មើស ទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើកំពត ហើយស្រាវជ្រាវស្វែងរកជនបង្កមកចាត់ការ​តាមច្បាប់ ខណៈម្ចាស់រថយន្តដឹកឈើ បានរត់គេចខ្លួនបាត់៕