(ភ្នំពេញ)៖ ផលិតកម្មធំៗចំនួន៣ ដែលកំពុងតែបម្រើ​ក្នុងវិស័យសិល្បៈ​​ចម្រៀងយ៉ាងសកម្ម មានដូចជា ផលិតកម្មរស្មីហង្សមាស, Phleng Records និង We Productions បានបង្ហើបឲ្យដឹងថា នៅក្នុងឆ្នាំនេះ នឹងមានបទនិពន្ធថ្មីៗ ជាច្រើនបទ​ចេញលក់សម្រាប់ទីផ្សារកម្ពុជា ដែលត្រូវបានធ្វើការសម្រិតសម្រាំង​យ៉ាងពិសេស ត្រូវចិត្តយុវវ័យ គ្រប់ចង្វាក់ និងគ្រប់វ័យទាំងអស់ ដើម្បីឲ្យកាន់តែមានសភាពខ្លាំងក្លាបន្ថែមទៀត។ នេះបើយោងតាមប្រភពព័ត៌មាន ពីតំណាងរបស់ផលិតកម្ម ហង្សមាស ថ្លែងប្រាប់ឲ្យ Fresh News ដឹងនៅថ្ងៃនេះ។

ប្រពភព័ត៌មានដដែលបានបន្តថា អ្វីដែលពិសេស គឺផលិតកម្ម រស្មីហង្សមាស, Phleng Records និង We Productions ចេញបទទាំងនោះ​ជាច្រើន ព្រមៗគ្នាតែម្ដង ដើម្បីបំពេញតំរូវការអ្នកស្តាប់។ បទនិពន្ធថ្មី ពិតជាត្រូវការធនធាន និងចំណាយពេលវេលាច្រើនណាស់ ល្មមអាចបញ្ចេញក្នុងទីផ្សារបាន។

គេសង្កេតឃើញថា អ្នកគាំទ្រវិស័យចម្រៀងសព្វថ្ងៃ តែងតែចូលចិត្តអ្វីដែលទាក់ទាញ ថ្មី ប្លែកៗ ដែលជាចំណីអារម្មណ៍និងចក្ខុ​របស់ពួកគេ។ ទីផ្សារសព្វថ្ងៃ គឺខុសពី១០ឆ្នាំមុន ផលិតកម្ម​ត្រូវស្វែងរកអ្វីថ្មីៗ និងមានគុណភាពស្តង់ដាខ្ពស់ ទើបអាចប្រកួតប្រជែងទាញយក អារម្មណ៍អ្នកគាំទ្របាន មិនមែនចេះតែធ្វើឲ្យរួចពីដៃនោះទេ។ ឆ្នាំនេះប្រិយមិត្តអ្នកគាំទ្រ ទាំងអស់ប្រាកដជា សំបូរបទល្អៗស្តាប់ ខណៈដែល ផលិតកម្មដ៏ធំនៅកម្ពុជា បង្ហើបពីគំរោងបែបនេះ៕